បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបាននិយាយថា ពលរដ្ឋថៃ បួននាក់ត្រូវបានធ្វើបត្យាប័នទៅប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការកាត់ទោស លើការរកឃើញផ្នូរកប់សពដ៏ធំដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សាកសពជាង ១០០ ត្រូវបានគេរកឃើញក្នុងឆ្នាំ២០១៥ ដែលកប់ជ្រៅនៅក្នុងព្រៃម៉ាឡេស៊ី តាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដែលបង្កឱ្យមានការស៊ើបអង្កេតលើការរត់ពន្ធមនុស្សនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។
តំបន់នេះគឺជាច្រកផ្លូវសម្រាប់ធ្វើទុក្ខបុកម្នេញចំពោះជនមូស្លីមរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនចេញពីអំពើហឹង្សាក្នុងប្រទេសមីយ៉ាន់ម៉ា និងជនចំណាកស្រុកសេដ្ឋកិច្ចមកពីបង់ក្លាដែស។
អ្នករត់ពន្ធកាលពីឆ្នាំមុនបាននាំជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ក្នុងការធ្វើដំណើរដ៏គ្រោះថ្នាក់ទាំងផ្លូវគោក និងសមុទ្រទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសដែលសម្បូរទៅដោយមូស្លីម និងមានសុវត្ថិភាព។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Saifuddin Nasution បាននិយាយថា ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០១៧ បានស្នើឱ្យប្រទេសថៃធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនចំនួន ១០នាក់ដែលត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធនឹងករណីនេះ។
លោក Saifuddin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ បុគ្គល ៤ នាក់ក្នុងចំណោម ១០ នាក់ត្រូវបានតាមដានរកឃើញដោយជោគជ័យ” ៕ ប្រែសម្រួលៈ ណៃ តុលា