ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស និងអង្គការសប្បុរសជន ប្តេជ្ញាប្រមែរប្រមូលលុយឱ្យបាន ៦០ពាន់លានដុល្លារ ជួយស្តារប្រទេសអ៊ុយក្រែនឡើងវិញ

បរទេស៖ ប្រទេស និងអង្គការនានា ដែលគាំទ្រអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម បានសន្យាផ្តល់ជំនួយ ៦០ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ការស្តារប្រទេសនេះឡើងវិញ ខណៈដែលពួកគេបានបញ្ចប់ការជួបជុំពិភាក្សាគ្នារយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មានជប៉ុន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមមួយដោយប្រទេសជាម្ចាស់ផ្ទះអង់គ្លេស និងអ៊ុយក្រែនបាននិយាយថា “តាមរយៈការជួយដល់ការស្តារ និងកំណែទម្រង់របស់អ៊ុយក្រែន យើងនឹងដោះសោសក្តានុពលរបស់ប្រទេស និងប្រជាជនរបស់ខ្លួន ជួយកម្ចាត់ការឈ្លានពានរបស់រុស្ស៊ី និងផ្តល់ផលប្រយោជន៍ដល់សន្តិសុខ វិបុលភាព និងនីតិរដ្ឋ”។

សន្និសិទស្តីអំពីការស្តារឡើងវិញនៅអ៊ុយក្រែនឆ្នាំ ២០២៣ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានប្រមូលផ្តុំអ្នកតំណាងឯកជន និងសាធារណៈមកពីប្រទេសចំនួន ៥៩ ។

បន្ទាប់ពីការសន្យាថ្មីរបស់រដ្ឋាភិបាលជាច្រើន លោក Shmyhal បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកប្រាកដថាប្រទេសរបស់លោកនឹងទទួលបានប្រាក់ចំនួន ៦,៥ ពាន់លានដុល្លារដែលខ្លួនត្រូវការនៅឆ្នាំនេះ សម្រាប់ការងារសង្គ្រោះបន្ទាន់ ពីការឈ្លានពានដែលកំពុងបន្តរបស់រុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

To Top