បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា ប្រទេសរុស្ស៊ី អាចនឹងរៀបចំសម្រាប់ការវាយប្រហារ លើរោងចក្រថាមពលនុយក្លេអ៊ែរ របស់ប្រទេសអ៊ុយក្រែន ដែលជារោងចក្រនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា “ការឈប់កាន់កាប់ពេញលេញនៃ Zaporizhzhia NPP គឺជាកត្តាចាំបាច់” ។ អ្នកណាក៏ដោយដែលមើលមិនឃើញចំពោះការកាន់កាប់របស់រុស្សីលើកន្លែងបែបនេះ ចំពោះការជីកយករ៉ែរបស់រុស្ស៊ីលើទឹកដី និងកន្លែងរោងចក្រថាមពលនុយក្លេអ៊ែរ គឺជាការរួមចំណែកមិនត្រឹមតែដល់អំពើអាក្រក់របស់រុស្ស៊ីនេះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានការភ័យខ្លាចជាទូទៅផងដែរ។”
លោក Zelenskyy បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃការវាយប្រហារបែបនេះ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា “ជាក់ស្តែង វិទ្យុសកម្មមិនសួរថាអ្នកណាអព្យាក្រឹត ហើយវាអាចទៅដល់មនុស្សគ្រប់គ្នាក្នុងពិភពលោកនេះ”។
ចំណែកមន្ត្រីរុស្ស៊ីវិញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ដោយកងកម្លាំងអ៊ុយក្រែនបានបំផ្លាញស្ពានតភ្ជាប់ឧបទ្វីបគ្រីមៀទៅកាន់តំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន។
ស្ពាន Chongar គឺជាផ្លូវមួយក្នុងចំណោមផ្លូវមួយចំនួនដែលកងកម្លាំងរុស្ស៊ីប្រើដើម្បីផ្លាស់ទីរវាងតំបន់គ្រីមៀ និងផ្នែកផ្សេងទៀតនៃអ៊ុយក្រែន ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ រុស្ស៊ីបានកាន់កាប់តំបន់គ្រីមៀចាប់តាំងពីបានបញ្ចូលវាក្នុងឆ្នាំ ២០១៤ ក្នុងចំណាត់ការមួយដែលសហគមន៍អន្តរជាតិភាគច្រើនបដិសេធ៕
ប្រែសម្រួលៈ ណៃ តុលា