ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទប្រធាន ក្រុមទាហានស៊ីឈ្នួល Wagnerថា បានបះបោរប្រដាប់អាវុធ

បរទេស ៖ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មកាលពីថ្ងៃសុក្រប្រឆាំង នឹងប្រធានទាហានស៊ីឈ្នួល គឺលោក Yevgeny Prigozhin ដោយចោទប្រកាន់ ពីបទបះបោរប្រដាប់អាវុធ ដោយលើកឡើងពីគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមប្រធានរដ្ឋអាជ្ញារុស្ស៊ីថា ឧក្រិដ្ឋកម្មនេះត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ រហូតដល់២០ឆ្នាំ ។

កម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម ឬ NAC ដែលជាផ្នែកមួយនៃ FSB បានទទូចថា មិនមានមូលដ្ឋានសម្រាប់ការចោទប្រកាន់ដែលធ្វើឡើងដោយ Prigozhin កាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិរុស្ស៊ី បានធ្វើការវាយប្រហារ តាមអាកាសប្រឆាំងនឹងមូលដ្ឋាន ក្រុមទាហាន Wagner ដោយបានសម្លាប់យុទ្ធជនរបស់គាត់អស់ ២ ០០០ នាក់ ។

លោក Prigozhin បានចោទប្រកាន់យោធារុស្ស៊ី ដោយធ្វើតាមបញ្ជា របស់រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ពីការបាញ់ផ្លោងទីតាំងកងទ័ព របស់គាត់នៅអ៊ុយក្រែន ។

លោក Prigozhin បានសរសេរនៅលើបណ្តាញ ទំនាក់ទំនងសង្គម Telegram របស់គាត់ថា “រដ្ឋមន្ត្រីក្រសួងការពារជាតិបានមកដល់ជាពិសេសនៅ Rostov ដើម្បីអនុវត្តប្រតិបត្តិការដើម្បីបំផ្លាញ Wagner PMC (ក្រុមហ៊ុនយោធាឯកជន)” ។ Prigozhin បាននិយាយថា ក្រុមប្រឹក្សារបស់មេបញ្ជាការ Wagner Group បានប្តេជ្ញាថា នឹងដាក់ទណ្ឌកម្មទៅលើលោក Shoigu ដែលជារដ្ឋមន្រ្តីការពារជាតិរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top