ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា នៅចំពោះមុខគម្លាតហិរញ្ញប្បទានអភិវឌ្ឍន៍សកល ប្រទេសចិន អំពាវនាវឱ្យសហគមន៍អន្តរជាតិសហការដោយស្មោះស្ម័គ្រ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានៃប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសងាយរងគ្រោះ។
នៅក្នុងសុន្ទរកថាមួយនៅឯពិធីបិទកិច្ចប្រជុំកំពូលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មី ដែលដឹកនាំដោយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងមានការចូលរួមពីប្រមុខរដ្ឋ រដ្ឋាភិបាល និងអង្គការអន្តរជាតិធំៗជាង ៦០ លោក Li បានដាក់សំណើ ៣ចំណុចនៅក្នុងរឿងនេះ។
ទីមួយ ជំរុញយ៉ាងម៉ឺងម៉ាត់នូវកំណែទម្រង់អភិបាលកិច្ចហិរញ្ញវត្ថុសកល និងបង្កើតបរិយាកាសហិរញ្ញវត្ថុប្រកបដោយស្ថិរភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយភាគីទាំងអស់ ដើម្បីកសាងរចនាសម្ព័ន្ធអភិបាលកិច្ចហិរញ្ញវត្ថុសកលប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាព និងពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចអន្តរជាតិ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀតគួរតែអនុវត្តការយល់ស្របដែលមេដឹកនាំ G20 សម្រេចបាន បញ្ចប់វគ្គថ្មីនៃកូតា និងកំណែទម្រង់សិទ្ធិបោះឆ្នោត និងបង្កើនសំឡេងនៃទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។
ទីពីរ កសាងភាពជាដៃគូអភិវឌ្ឍន៍ជាសាកល និងផ្តល់ធនធានអភិវឌ្ឍន៍បន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសអភិវឌ្ឍន៍ គួរគោរពយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការផ្តល់ជំនួយ និងថវិកាដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ប្រទេសកំពុងអភិវឌ្ឍន៍ គួរតែពង្រឹងសមត្ថភាពរបស់ពួកគេ សម្រាប់ការអភិវឌ្ឍន៍ឯករាជ្យ។ ប្រទេសចិន នឹងបន្តផ្តល់ការគាំទ្រទម្រង់ផ្សេងៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតជាមួយនឹងវិធានការជាក់ស្តែងឱ្យអស់ពីសមត្ថភាព។
ទី៣ ជំរុញសេដ្ឋកិច្ចសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរីយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចូលកម្លាំងជំរុញកំណើនថ្មីទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សេរីភាវូបនីយកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងប្រឆាំងដាច់ខាតនូវលទ្ធិគាំពារនិយមពាណិជ្ជកម្ម និងការកាត់ផ្តាច់ និងផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មក្នុងគ្រប់រូបភាព៕
ប្រែសម្រួល ឈូក បូរ៉ា