បរទេស៖ ប្រទេសរុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថាប្រទេសចិន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសរុស្សី និងលោកប្រធានាធិបតិ Vladimir Putin ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការ ធានាស្ថេរភាពរបស់ប្រទេសបន្ទាប់ពីហេតុការណ៍បះបោរ ដោយយោធាប្រឆាំងនឹងវិមានក្រមឡាំងកាលពីថ្ងៃសៅរ៍កន្លងមក។
យោងតាមការចេញផ្សាយរបស់ The VOA News ក្រសួងការបរទេសរុស្សីបានបញ្ជាក់ថាប្រទេសចិនក៏ធ្លាប់បានបង្ហាញផងដែរនូវការគាំទ្រពេញទំហឹងចំពោះ ការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅអំឡុង ពេលនៃដំណើរទស្សនកិច្ចដែលមិនមានព្រាងទុកដោយអនុរដ្ឋមន្ត្រីការបរតេសរុស្សីមកកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍របស់រុស្សីបានសរសេរថា៖ភាគីប្រទេសចិន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលរុស្សី ក្នុងការរក្សាស្ថិរភាពស្ថានការណ៍ប្រទេស នូវចំពោះមុខព្រឹត្តិការណ៍ថ្ងៃទី២៤ ខែមិថុនា ព្រមទាំងបញ្ជាក់ជាថ្មីនូវចំណាប់ អារម្មណ៍របស់ខ្លួនក្នុងការពង្រឹងឯកភាព និងវិបុលភាពបន្ថែមទៀតរបស់រុស្ស៊ីផងដែរ។
គួរឲ្យដឹងដែរថាមិនទាន់មានការបញ្ជាក់ណាច្បាស់លាស់ នៅឡើយចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រុស្សីរូបនេះទៅកាន់ប្រទេសចិនថាវាគឺជាការឆ្លើយចំពោះព្រឹត្តិការណ៍ថ្ងៃទី២៤ ខែមិថុនា ឬយ៉ាងណាប៉ុន្តែក្រសួងការបរទេសចិនបានអះអាងថាព្រឹត្តិការណ៍នោះ គឺជាបញ្ហាផ្ទៃក្នុងរបស់រុស្សីប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី