ព័ត៌មានអន្តរជាតិ

មូលហេតុដែលទាហានស៊ីឈ្នួល Wagner ងើបបះបោរប្រដាប់អាវុធ ប្រឆាំងនឹងរុស្ស៊ី

បរទេស៖ ក្នុងការប្រកាសពីការបះបោរកាលពីថ្ងៃសុក្រ លោក Prigozhin បាននិយាយថា លោកចង់ដាក់ទណ្ឌកម្មទៅលើលោក Shoigu ដែលជារដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បន្ទាប់ពីគាត់បានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលរុស្ស៊ីថា បានវាយប្រហារជំរុំរបស់ Wagner ក្នុងប្រទេសអ៊ុយក្រែន ដោយគ្រាប់មីស៊ីល ឧទ្ធម្ភាគចក្រ និងកាំភ្លើងធំ បណ្តាលឱ្យទាហាន Wagner ប្រហែល ២០០០ នាក់ បានស្លាប់ ។ លោក Prigozhin បានអះអាងថា “សមមិត្តរបស់យើងមួយចំនួនធំត្រូវបានសម្លាប់” ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Prigozhin បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram របស់លោកថា “រដ្ឋមន្ត្រីក្រសួងការពារជាតិបានមកដល់ជាពិសេសនៅទីក្រុង Rostov ដើម្បីអនុវត្តប្រតិបត្តិការដើម្បីបំផ្លាញទាហាន Wagner PMC (ក្រុមហ៊ុនយោធាឯកជន)” ។

យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ហើយ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី ថែមទាំងបានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មកាលពីថ្ងៃសុក្រប្រឆាំង នឹងប្រធានទាហានស៊ីឈ្នួល គឺលោក Yevgeny Prigozhin ដោយចោទប្រកាន់ ពីបទបះបោរប្រដាប់អាវុធ ដោយលើកឡើងពីគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្ម ថែមទៀតផង៕

ប្រែសម្រួលៈ ណៃ តុលា

To Top