តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានគាំទ្រ នីតិរដ្ឋនៅក្នុងប្រទេស រុស្ស៊ី បន្ទាប់ពីក្រុមយោធាឯកជន Wagner ត្រូវបានគេចោទប្រកាន់ ពីបទប៉ុនប៉ង បើកការបះបោរប្រដាប់អាវុធ នៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងលោក Nasser Kanani បានសង្កត់ធ្ងន់ថា ការវិវត្តថ្មីៗនៅក្នុងប្រទេសរុស្ស៊ី គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេស។
គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់រុស្ស៊ី បានប្រកាសថា របបប្រតិបត្តិការប្រឆាំងភេរវករ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅទីក្រុងមូស្គូ តំបន់មូស្គូ និងតំបន់ Voronezh ដើម្បីការពារសកម្មភាពភេរវករ ដែលអាចកើតមានបន្ទាប់ពីក្រុមយោធាឯកជន Wagner ត្រូវបានចោទប្រកាន់ថា ព្យាយាមរៀបចំការបះ បោរប្រដាប់អាវុធ ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃដដែលនោះ បានបញ្ជា ឱ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បន្សាបជនដែលរៀបចំការបះបោរ ប្រដាប់អាវុធរបស់ក្រុមទាហាន ស៊ីឈ្នួល Wagner ។
មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌមួយកំពុងត្រូវបានផ្តួចផ្តើម ប្រឆាំងនឹងលោក Yevgeny Prigozhin ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner សម្រាប់ការញុះញង់ឱ្យមានការ បះបោរប្រដាប់អាវុធ និងវិធានការចាប់ខ្លួនលោក៕
ប្រែសម្រួល ឈូក បូរ៉ា