បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការ អំពាវនាវឲ្យសមាជិក របស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងការចុះហត្ថលេខា ជាមួយនឹងក្រសួងការពារជាតិ ដើម្បីបម្រើជាតិឬពួកគេអាចមានសិទ្ធ ត្រឡប់ទៅផ្ទះវិញឬទៅបេឡារូស។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូលថ្នាក់ជាតិ កាលពីថ្ងៃម្សិលមិញនេះផងដែរលោក Putin ក៏បានលើកឡើងដែរថា ក្រុមប្រយុទ្ធភាគច្រើនរបស់ Wagner Group គឺសុទ្ធតែជាអ្នកស្នេហាជាតិ ហើយពួកគេអាចនឹងបម្រើជាតិ បានជាធម្មតាដោយមិនចាំបាច់ ហ្វឹកហាត់បន្ថែមឡើយ។
លោកប្រធានាធិបតីបានថ្លែងទៀតថា ក្រុមអ្នករៀបចំផែនការបះបោរដោយ យោធាទាំងនោះបានក្បត់ទៅនឹង ប្រទេសរបស់ខ្លួននិងមនុស្សដែលដើរតាម ពួកគេហើយសម្រាប់អ្នកណា ដែលបន្តដើរតាមក្រុមនេះ និងត្រូវបានបំពាក់អាវុធដើម្បីបះបោរនោះ នឹងត្រូវទទួលរងការបង្ក្រាបជាមិនខាន ពីសំណាក់រដ្ឋាភិបាលរុស្សី។
ដូច្នេះជម្រើរបស់ក្រុមទាហាន Wagner អាចមាន២ គឺទី១ពួកគេនៅតែអាចចូលធ្វើការ បម្រើជាតិជាមួយនឹងរដ្ឋាភិបាលរុស្សី ហើយទី២ពួកគេអាចមានសិទ្ធត្រឡប់ទៅ ស្រុកកំណើតឬចាកចេញទៅរស់នៅ ក្នុងប្រទេសបេឡារូសបាន៕
ប្រែសម្រួល៖ ស៊ុន លី