បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយក្នុងអំឡុងទស្សនកិច្ចនៅរដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់មានឆន្ទៈក្នុងការបញ្ជូនទាហានប្រហែល ៤ ០០០ នាក់ ទៅកាន់ប្រទេសលីទុយអានី លើមូលដ្ឋានអចិន្ត្រៃយ៍ ដើម្បីពង្រឹងផ្នែកខាងកើត របស់អង្គការណាតូ។
យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pistorius រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បាននិយាយថា “អាល្លឺម៉ង់បានរៀបចំជាអចិន្ត្រៃយ៍សម្រាប់កងពលតូចដ៏រឹងមាំមួយនៅក្នុងប្រទេសលីទុយអានី” ។ លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារនានា នឹងត្រូវបង្កើតឡើង ដើម្បីសម្រួលដល់ទាហាន និងគ្រួសាររបស់ពួកគេ។
ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីដើមឆ្នាំមុន រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាកាលពីខែមិថុនា ឆ្នាំមុនថា នឹងបង្កើតឱ្យមានកងពលតូចប្រយុទ្ធត្រៀមខ្លួន ដើម្បីការពារប្រទេស លីទុយអានី ក្នុងករណីមានការវាយប្រហារ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មានភាពខុសគ្នាអំពីថា តើទាហានគួរតែឈរជើងជាអចិន្ត្រៃយ៍ក្នុងប្រទេសលីទុយអានី ឬគ្រាន់តែបញ្ជូននៅទីនោះជាបណ្តោះអាសន្នសម្រាប់សមយុទ្ធ។ ប៉ុនែ្តយ៉ាងណាក៏ដោយ រដ្ឋាភិបាលលីទុយអានីបានទាមទារវត្តមានអចិន្ត្រៃយ៍ ខណៈដែលរដ្ឋាភិបាលអាល្លឺម៉ង់ អស់រយៈពេលជាយូរមាន ការស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះ៕