ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងដាក់ប្រទេសកូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្មដ៏សំខាន់

រូបភាព៖ Xinhua

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន នឹងដាក់ប្រទេសកូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់នៅថ្ងៃទី២១ ខែកក្កដា ក្រោយពីការផ្លាស់ប្តូរស្រដៀងគ្នា ដោយក្រុងសេអ៊ូល លើស្ថានភាពពាណិជ្ជកម្ម របស់ទីក្រុងតូក្យូ ។

គួរបញ្ជាក់ថា សកម្មភាពនេះបង្ហាញពីការធ្វើឱ្យមានលក្ខណៈធម្មតានៃពាណិជ្ជកម្ម រវាងប្រទេសទាំង២ បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេ កាន់តែអាក្រក់ធ្លាក់ទៅដល់ចំណុចទាបបំផុត របស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅក្នុងប្រវត្តិសាស្ត្រសម័យសង្គ្រាម ។

ការដកប្រទេសកូរ៉េខាងត្បូងឆ្នាំ២០២៩ចេញពី “បញ្ជីស” នៃបណ្តាប្រទេសដែលមានសិទ្ធិទទួលបានការរឹតបន្តឹងអប្បបរមាលើពាណិជ្ជកម្មបានកើតឡើង បន្ទាប់ពីតុលាការកំពូលរបស់កូរ៉េខាងត្បូង កាលពីឆ្នាំមុនបានដាក់បញ្ជាឱ្យក្រុមហ៊ុនជប៉ុនចំនួន២ផ្តល់សំណងដល់ដើមបណ្តឹងកូរ៉េលើការចោទប្រកាន់លើការងារដោយបង្ខំដែលទាក់ទងនឹងអាណានិគមរបស់ប្រទេសជប៉ុនឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ ក្នុងការគ្រប់គ្រងឧបទ្វីបកូរ៉េ ។

ទោះបីជាត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាជំហានសងសឹកក៏ដោយ ប្រទេសជប៉ុន នៅពេលនោះបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភលើប្រព័ន្ធនាំចេញរបស់ក្រុងសេអ៊ូល ហើយចាំបាច់ត្រូវបញ្ជាក់ ថាតើ វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទំនិញនាំចេញមិនឱ្យហូរចូលកូរ៉េខាងជើង និងប្រទេសដែលមានការព្រួយបារម្ភផ្សេងទៀតដែរឬទេ ។ ចំពោះវិធានការនេះបានប៉ះពាល់ដល់ផលិតផល និងបច្ចេកវិទ្យាជាច្រើនដែលអាចត្រូវបានបង្វែរទិសដៅសម្រាប់ការប្រើប្រាស់យោធា ។

បន្ទាប់មកក្រុងសេអ៊ូល បានដកប្រទេសជប៉ុន ចេញពីបញ្ជីសរបស់ខ្លួនវិញដែរ ។

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម បានឲ្យដឹងនៅថ្ងៃអង្គារនេះ គណៈរដ្ឋមន្ត្រីបានផ្តល់ការអនុម័តបន្ទាប់ពីការបញ្ចប់នីតិវិធីដើម្បីប្រមូលមតិសាធារណៈលើការលើកលែងវិធានការនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top