ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសបង់ក្លាដែសបានរកឃើញ នូវការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីជំងឺគ្រុនឈាមនៅក្នុងខែមិថុនានេះ ដោយមានចំនួន ៥.៧៣២ករណី និងមានអ្នកស្លាប់ចំនួន ៣៤នាក់ត្រូវបានចុះបញ្ជីរួច ។
តួលេខនេះត្រូវបានរាយការណ៍ ដោយអគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) ក្រោមឳវាទក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារ ដែលបានបង្ហាញថា ចំនួនករណីនៃជំងឺគ្រុនឈាម បានកើនឡើងដល់ ៧.៧៥៤ករណី នៅក្នុងប្រទេសបង់ក្លាដែស នៅក្នុងឆ្នាំ២០២៣នេះ ។
ទិន្នន័យរបស់អគ្គនាយកដ្ឋាន DGHS បានបង្ហាញឲ្យដឹងថា ករណីជំងឺគ្រុនឈាមថ្មីសរុបចំនួន ១៤៥ករណី រួមទាំង១០៤ ករណីនៅទីក្រុង ដាកា ត្រូវបានរាយការណ៍នៅក្នុងរយៈពេល២៤ម៉ោង គិតរហូតដល់ម៉ោង៨និង០០ព្រឹកម៉ោង ក្នុងស្រុកកាលពីថ្ងៃអង្គារ ហើយនៅថ្ងៃដដែលនេះមានមនុស្សចំនួន ២នាក់បានស្លាប់ ដោយសារជំងឺគ្រុនឈាម ។
អគ្គនាយកដ្ឋាន DGHS បានឲ្យដឹងថា ខណៈដែលការស្លាប់ចំនួន ៣៤នាក់ ត្រូវបានរាយការណ៍នៅក្នុងខែមិថុនានេះ មានអ្នកស្លាប់ចំនួន ២នាក់នៅក្នុងខែឧសភា ចំនួន២នាក់នៅក្នុងខែមេសា ២នាក់នៅក្នុងខែកុម្ភៈ និង៦នាក់នៅក្នុងខែមករា ។
នៅក្នុងខែមិថុនានេះ ករណីគ្រុនឈាមមានចំនួន ៥.៧៣២ករណី ដោយបូកបន្ថែមទៀតនូវចំនួន ដែលត្រូវបានកត់ត្រាបន្ទាប់ពីមនុស្សចំនួន ១.០៣៦នាក់ បានឆ្លងមេរោគនៅក្នុងខែឧសភា ។
សូមបញ្ជាក់ថា អ្នកជំងឺគ្រុនឈាមសរុបចំនួន ៦.២៩៧នាក់ បានចាកចេញពីមន្ទីរពេទ្យហើយវិលទៅផ្ទះវិញ ក្រោយពីបានទទួលការព្យាបាល នៅតាមមន្ទីរពេទ្យនានា នៅទូទាំងប្រទេសគិតចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា