តូក្យូ ៖ ប្រធានធនាគារកណ្តាលជប៉ុន នៅថ្ងៃពុធបានការពារ គោលនយោបាយរបស់ខ្លួន ក្នុងការបន្តជាមួយនឹងការ បន្ធូរបន្ថយរូបិយវត្ថុ ខណៈដែលប្រាក់យ៉េន បានធ្លាក់ចុះយ៉ាងខ្លី ដល់កម្រិតទាបរយៈពេល ៧ខែកន្លះធៀប នឹងប្រាក់ដុល្លារអាមេរិក នៅទីក្រុងញូវយ៉កនៅថ្ងៃដដែលនោះ។
លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយថា “ទោះបីជាអត្រាអតិផរណា មានលើសពី ៣ភាគរយ ដែលលើសពីគោលដៅអតិផរណា ២ភាគរយក៏ដោយ យើងគិតថា អតិផរណាមូលដ្ឋាន នៅតែទាបជាង ២ភាគរយ” ។
លោកបានឲ្យដឹងនៅក្នុងសម័យប្រជុំនៃវេទិកា ECB ស្តីពីធនាគារកណ្តាល ដែលចូលរួមផងដែរ ដោយប្រធានធនាគារ កណ្តាលសហរដ្ឋអាមេរិកលោក Jerome Powell ប្រធានធនាគារកណ្តាលអឺរ៉ុប Christine Lagarde និងអភិបាលធនាគារអង់គ្លេស Andrew Bailey ថា “នោះហើយជាមូលហេតុ ដែលយើងកំពុងរក្សាគោល នយោបាយរបស់យើង មិនផ្លាស់ប្តូរនៅពេលនេះ” ។
Ueda បាននិយាយថា រូបិយប័ណ្ណជប៉ុនត្រូវបាន “រងឥទ្ធិពលដោយកត្តាជាច្រើនក្រៅពីគោលនយោបាយរូបិយវត្ថុរបស់យើង រួមទាំងគោលនយោបាយ របស់ធនាគារទាំងបីនេះ”។
លោក Ueda បានលើកឡើងថា “យើងមិនសូវមានទំនុកចិត្ត” អំពីអតិផរណាមានស្ថិរភាពនៅក្នុងប្រទេសជប៉ុន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ប៉ុន្តែបានបន្ថែមថា ប្រសិនបើធនាគារកណ្តាល មានភាពប្រាកដប្រជាអំពីវា “នោះអាចជាហេតុផល សម្រាប់ការផ្លាស់ប្តូរគោលនយោបាយ” ។
ធនាគារកណ្តាលអាមេរិក អង់គ្លេស និងអឺរ៉ុបបានដំឡើងអត្រា ការប្រាក់សំខាន់ៗ ដើម្បីទប់ទល់នឹងការឡើងថ្លៃដ៏រឹងរូស ផ្ទុយពីសមភាគីជប៉ុន របស់ពួកគេ ដែលបាននិងកំពុងបូមប្រាក់ ចូលទៅក្នុងទីផ្សារជាមួយនឹងអត្រាទាបបំផុត។
នៅពេលព្រឹកនៅទីក្រុងញូវយ៉ក ប្រាក់ដុល្លារបានកើនឡើង យ៉ាងខ្លីដល់ ១៤៤,៦២យ៉េន ដែលជាកម្រិតដែលមើលមិនឃើញ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីលោក Powell បានបង្ហាញក្នុងអំឡុងពេលព្រឹត្តិការណ៍ ដែលធនាគារកណ្តាលអាមេរិក អាចរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបន្ថែមទៀត ដែលជំរុញឱ្យ មានការទិញប្រាក់ដុល្លារ និងការលក់ប្រាក់យ៉េន៕
ប្រែសម្រួល ឈូក បូរ៉ា