តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានបង្ហាញគោលការណ៍ណែនាំ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ របស់ខ្លួនក្នុងគោលបំណង ជំរុញឱ្យក្រុមហ៊ុនឯកជន និងវិទ្យាស្ថានស្រាវជ្រាវ ចូលរួមក្នុងការបង្កើតឧបករណ៍ទំនើបៗ ដូចជាមនុស្សយន្តខ្នាតសត្វល្អិត និងសម្ភារៈ ដែលអាចជួសជុលដោយខ្លួនឯងបាន។
គោលការណ៍ណែនាំ ដែលបានផ្តល់ឧទាហរណ៍នៃបច្ចេកវិទ្យា ដែលរំពឹងថា នឹងដាក់ឱ្យប្រើប្រាស់ជាក់ស្តែង ក្នុងរយៈពេលមួយទសវត្សរ៍នេះ ត្រូវបានគូរឡើងដោយ ផ្អែកលើឯកសារសំខាន់ៗ ចំនួន៣ ស្តីពីគោលនយោបាយសន្តិសុខ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីខែធ្នូឆ្នាំមុន រួមទាំងយុទ្ធសាស្ត្រសន្តិសុខជាតិ រយៈពេលវែងផងដែរ ។
ឧទាហរណ៍ ដែលបានលើកឡើង នៅក្នុងវិស័យបច្ចេកវិទ្យាទាំង១២ ដែលការណែនាំបានឲ្យដឹងថា មានសារៈសំខាន់ដើម្បីការពារជាតិ រួមមានប្រព័ន្ធមីក្រូវ៉េវ និងឡាស៊ែរ ដែលមានថាមពលខ្ពស់ ដើម្បីបាញ់ទម្លាក់យន្តហោះដ្រូន ក៏ដូចជារបាំង ដែលប្រើប្រាស់ រលកអេឡិចត្រូម៉ាញេទិក ដើម្បីកាត់បន្ថយ ផលប៉ះពាល់ នៃការវាយប្រហារ ។
ខណៈដែលគូសបញ្ជាក់ អំពីតម្រូវការក្នុងការទទួលយក “វិធីសាស្រ្តថ្មីខុសពីមុន” ដោយសារតែហិរញ្ញវត្ថុ និងធនធានមនុស្ស មានកម្រិតរបស់រដ្ឋាភិបាល ការណែនាំក៏បានឲ្យដឹងថា ក្រសួងការពារជាតិ មានគោលបំណងចែករំលែកវគ្គ នៃការអភិវឌ្ឍន៍ទាក់ទងនឹងវិស័យការពារជាតិ របស់ខ្លួនជាមួយក្រុមហ៊ុន ដើម្បីបង្កើន “ការព្យាករណ៍” សម្រាប់ពួកគេ ។
ក្នុងចំណោមឧទាហរណ៍ផ្សេងទៀត ដែលបានរាយក្នុងសេចក្តីណែនាំ គឺការប្រើប្រាស់ holograms ដើម្បីបង្ហាញរូបភាពស្តេរ៉េអូស្កុប ដើម្បីបំភាន់សត្រូវ និងការប្រើប្រាស់ខួរក្បាល និងវិទ្យាសាស្រ្តយល់ដឹង នៅពេលបណ្តុះបណ្តាលមន្ត្រីបញ្ជាការ។
មានការសន្យាផងដែរ ក្នុងការបង្កើតអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីមួយនៅក្នុងទីភ្នាក់ងារទិញយក បច្ចេកវិទ្យា និងភស្តុភារ ដែលជាដៃលទ្ធកម្ម អាវុធរបស់ក្រសួង ទោះបីជាមិនមានកាលបរិច្ឆេទ ជាក់លាក់ណាមួយត្រូវបានផ្តល់ឱ្យសម្រាប់នោះ៕
ប្រភព ៖ Kyodo