ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាស ដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅក្នុងខេត្ត Oriental Mindoro របស់ប្រទេសហ្វីលីពីន ។
ប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងប្រហែលម៉ោង១០ និង២០នាទីព្រឹកម៉ោងនៅក្នុងស្រុក នៅខាងក្នុងផ្សារទំនើបនៅក្នុងទីក្រុង Calapan ដោយបានបំផ្លាញរថយន្តអស់តិចបំផុត ១៣គ្រឿង ដែលចតនៅខាងក្រៅផ្សារទំនើបនោះ ។
ការស៊ើបអង្កេតបឋមបានបង្ហាញថា ការលេចធ្លាយឧស្ម័ននៅខាងក្នុង ភោជនីយដ្ឋានកូរ៉េ បង្កឱ្យមានការផ្ទុះឆេះឡើង ។
លោក Malou Morillo អភិបាលក្រុង Calapan បានថ្លែងថា អ្នករងរបួសរួមមានបុគ្គលិកភោជនីយដ្ឋានចំនួន៤នាក់ ក្នុងនោះមានអ្នកដឹកជញ្ជូនអាហារម្នាក់ និងអតិថិជន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
