ព័ត៌មានអន្តរជាតិ

ជប៉ុន អំពាវនាវឲ្យកូរ៉េខាងជើង ដោះស្រាយបញ្ហាចាប់ជំរិតជនជាតិជប៉ុន នាពេលកន្លងមក

Kyodo

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យ ដែលជាជំនួយការដ៏ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី Fumio Kishida បានអំពាវនាវឱ្យកូរ៉េខាងជើង សម្រេចបាននូវកិច្ចប្រជុំកំពូលដំបូង ដើម្បីដោះស្រាយបញ្ហា នៃការចាប់ជំរិតជនជាតិជប៉ុន កាលពីពេលកន្លងមក ។

លោក Matsuno អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល និងជារដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាចាប់ជំរិតមនុស្ស ចាប់តាំងពីខែតុលាឆ្នាំ ២០២១ បានលើកឡើងនៅក្នុងសន្និសីទ របស់អង្គការសហប្រជាជាតិតាមអ៊ីនធើរណេត លើប្រធានបទរបស់លោក Kishida ដោយថ្លែងថា គាត់មានឆន្ទៈក្នុងការពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌអ្វីឡើយ ។

គួរបញ្ជាក់ថា សុន្ទរកថារបស់លោកបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីអ្នកស្រាវជ្រាវនៅវិទ្យាស្ថានមួយ នៅក្រសួងការបរទេសកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរិះគន់លើសិក្ខាសាលាដែល សហការឧបត្ថម្ភដោយប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុប ដោយបានលើកឡើងអំពី បញ្ហាចាប់ជំរិតមនុស្ស ហើយត្រូវបាន “ដោះស្រាយ” ។

លោក Matsuno បានលើកឡើងថា “ជាមួយនឹងក្រុមគ្រួសារនៃ ជនរងគ្រោះដែលមានវ័យចំណាស់ បញ្ហានៃការចាប់ជំរិតមនុស្ស គឺជាបញ្ហាសិទ្ធិមនុស្សដែលមាន ការរឹតត្បិតនូវពេលវេលា” ។ លោកបានលើកឡើងទៀតថា ប្រទេសជប៉ុន បានទទួលការគាំទ្រពីអន្តរជាតិ ចំពោះដំណោះស្រាយនៃបញ្ហានេះ ហើយក្រុងតូក្យូ និងក្រុងព្យុងយ៉ាង មិនមានទំនាក់ទំនងការទូតអ្វីទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top