ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងថា នៅតែគ្មានដំណឹង របស់ឧត្តមសេនីយ៍ Surovikin ក្រោយទាហាន ស៊ីឈ្នួលបះបោរ

ប្រភព ៖ AFP

បរទេស ៖ វិមានក្រឹមឡាំង បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនអាចផ្តល់ព័ត៌មាន អំពីឧត្តមសេនីយ៍រុស្ស៊ី លោក Sergei Surovikin ដែលមិនត្រូវបានគេឃើញ ជាសាធារណៈចាប់តាំងពីថ្ងៃសៅរ៍ នៅពេលដែលប្រធាន ក្រុមស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានដឹកនាំការប៉ុនប៉ង បះបោរប្រឆាំងនឹងយោធារុស្ស៊ី ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា លោកមិនអាចបញ្ជាក់ពីស្ថានភាព ជាមួយលោក Surovikin បានទេ ហើយបាននិយាយថា ពួកគេគួរតែទាក់ទងក្រសួងការពារជាតិ ។

លោក Surovikin ដែលជាមេបញ្ជាការរង នៃកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ កាលពីថ្ងៃសៅរ៍ ដោយជំរុញឱ្យក្រុមទាហាន ស៊ីឈ្នួល Wagner បញ្ឈប់ចលនាណាមួយប្រឆាំងនឹងកងទ័ព ហើយត្រឡប់ទៅមូលដ្ឋាន របស់ពួកគេវិញ។

លោក Prigozhin បានមកដល់ប្រទេសបេឡារុស្ស កាលពីដើមសប្តាហ៍នេះ តាមការអញ្ជើញរបស់ប្រធានាធិបតី បេឡារុស្ស លោក Alexander Lukashenko ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបះបោរ ។

វានៅតែមិនទាន់ច្បាស់ថា លោក Prigozhin នៅទីណានៅប្រទេសបេឡារុស ហើយ តើអ្នកប្រយុទ្ធរបស់លោកប៉ុន្មាននាក់បានអមដំណើរលោក ឬរយៈពេលប៉ុន្មាន ដែលលោកគ្រោងនឹងស្នាក់នៅទីនោះទេ ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា គាត់មិនមានព័ត៌មានអំពីទីតាំងរបស់លោក Prigozhin ទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top