ព័ត៌មានអន្តរជាតិ

បារាំង ដាក់ពង្រាយ កងកម្លាំងប្រឆាំងភេវរកម្ម ប្រឆាំងនឹងកុប្បកម្មជុំវិញ ការសម្លាប់យុវជនវ័យ ១៧ឆ្នាំ ម្នាក់

AFP

បរទេស៖ រដ្ឋាភិបាលបារាំងកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពង្រាយប៉ូលីស និងកងអាវុធហត្ថជាង ៤០ ០០០ នាក់នៅជុំវិញប្រទេស រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងយុទ្ធសាស្ត្រ បន្ទាប់ពីក្រុមកុប្បកម្មដែលបានខឹងសម្បារ ចំពោះការស្លាប់របស់អ្នកដឹកភីហ្សាអាយុ ១៧ឆ្នាំម្នាក់ ដែលនាំឱ្យមានការដុតធនាគារ និងវាយប្រហារពន្ធនាគារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួង​មហាផ្ទៃ​បារាំងបាន ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា រដ្ឋាភិបាលទីក្រុង​ប៉ារីស និង​តំបន់​ជាយក្រុង​ខាងក្នុង​ ត្រូវ​បាន​ពង្រឹង​ដោយ​មាន​មន្ត្រី​ចំនួន ៥ ០០០ នាក់​បន្ថែម​ទៀត។ សមាជិកនៃក្រុមអន្តរាគមន៍ កងរាជអាវុធហត្ថជាតិ (GIGN) កងពលតូចស៊ើបអង្កេត និងអន្តរាគមន៍ (BRI) និងអង្គភាពយុទ្ធសាស្ត្រអន្តរាគមន៍ជំនួយការទប់ស្កាត់ (RAID) ត្រូវបានគេប្រទះឃើញនៅទីក្រុង Nanterre ជាកន្លែងដែលកុប្បកម្មបានចាប់ផ្តើមដំបូង។

សហគមន៍នៅភាគពាយព្យនៃទីក្រុងប៉ារីស គឺជាកន្លែងដែលមន្ត្រីពីរនាក់ បានទាញក្មេងជំទង់នោះ ដែលក្រោយមកត្រូវបានគេស្គាល់ថាជា Nahel M. នៅព្រឹកថ្ងៃអង្គារ។ នៅពេលដែលរថយន្ត Mercedes ពណ៌លឿង ពាក់ស្លាកលេខ ប៉ូឡូញ ចាប់ផ្តើមបើកចេញ មន្ត្រីម្នាក់បានបាញ់កាំភ្លើង តាមបង្អួចចំហៀងរបស់អ្នកបើកបរ ដោយសម្លាប់ Nahel តែម្តង។

ផ្ទាំងពាណិជ្ជកម្ម

មនុស្សជាង ៦ ០០០ នាក់បានដើរកាត់ទីក្រុង Nanterre កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើតាមការអំពាវនាវឱ្យ “សងសឹក” ដែលចេញដោយម្តាយរបស់យុវជន Nahel Mounia នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ បាតុកម្មបានបញ្ចប់ដោយការ ប៉ះទង្គិចជាមួយប៉ូលីស។ គិតត្រឹមម៉ោង ៩យប់ ម៉ោងក្នុងស្រុក សាខាធនាគារ Credit Mutuelle មួយកន្លែងក្នុងទីក្រុង ត្រូវបានចោរលួច និងដុតបំផ្លាញ។

ការ​ប៉ះ​ទង្គិច​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ផ្សេង​ទៀត ​នៃ​ប្រទេស​បារាំង​ផង​ដែរ ហើយបើ យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅយប់រវាងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍តែមួយ មានមនុស្ស ១៨០នាក់ត្រូវបានចាប់ខ្លួន និង មន្ត្រីប៉ូលីសនិងកងរាជអាវុធហត្ថ ១៧០នាក់ បានរងរបួស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top