ព័ត៌មានអន្តរជាតិ

យូណេស្កូ យល់ព្រមឲ្យអាមេរិក ចូលជាសមាជិកជាថ្មី

រូបភាព៖Xinuua

ប៉ារីស៖ រដ្ឋជាសមាជិកចំនួន ១៩៣ប្រទេស នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNESCO) បានអនុម័តកាលពីថ្ងៃសុក្រក្នុងអំឡុងសម័យប្រជុំវិសាមញ្ញនៃសន្និសិទទូទៅ ដែលជាសំណើ ដែលដាក់ជូនដោយសហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយអង្គការនេះឡើងវិញ។

បន្ទាប់ពីការពិភាក្សារយៈពេលពីរថ្ងៃ ប្រទេសសមាជិកចំនួន ១៣២ បានបោះឆ្នោតគាំទ្រ និង ១០ ប្រឆាំងនឹងការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅកាន់អង្គការ ដែលសហរដ្ឋអាមេរិក បានដកខ្លួនពីរដង ដែលបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការងាររបស់អង្គការនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិស្មើនឹង ២២ភាគរយនៃថវិកាធម្មតារបស់អង្គការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អង្គការយូណេស្កូបានឲ្យដឹងថា ក្រៅពីការបង់ប្រាក់ជាបណ្តើរៗនៃបំណុលនេះ សហរដ្ឋអាមេរិកក៏នឹងធ្វើការរួមចំណែកដោយស្ម័គ្រចិត្តដល់កម្មវិធីផ្តល់មូលនិធិ រួមទាំងការគាំទ្រដល់ការទទួលបានការអប់រំនៅទ្វីបអាហ្រ្វិក និងការចងចាំនៃការសម្លាប់រង្គាលផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយការបោះឆ្នោត លោក Yang Jin តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការយូណេស្កូ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចូលរួមចំណែកក្នុងការលើកកម្ពស់ការរួបរួម និងកិច្ចសហប្រតិបត្តិការរបស់អង្គការបន្ទាប់ពីការត្រឡប់មកវិញរបស់ខ្លួន ជំនួសឱ្យការចូលរួមក្នុងការប្រឈមមុខដាក់គ្នា និងការបែងចែក។

លោកបានលើកឡើងថា “ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីការវិលត្រឡប់មកអង្គការយូណេស្កូវិញ ដើម្បីបំពេញកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ខ្លួន បង់ថ្លៃសមាជិកភាពឱ្យបានពេញលេញ និងទាន់ពេលវេលា និងទូទាត់ឱ្យបានឆាប់តាមដែលអាចធ្វើបាននូវបំណុល ដែលជំពាក់អង្គការយូណេស្កូ អស់រយៈពេលជាច្រើនឆ្នាំ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top