ព័ត៌មានអន្តរជាតិ

អតិផរណា ក្នុងតំបន់ចាយប្រាក់អឺរ៉ូ ធ្លាក់ចុះមកត្រឹម ៥,៥ភាគរយ ក្នុងខែមិថុនា

រូបភាព៖Afp

ព្រុចសែល៖ អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ៥,៥ ភាគរយនៅក្នុងខែមិថុនា ធៀបនឹង ៦,១ ភាគរយនៅក្នុងខែឧសភា នេះបើយោងតាមការប៉ាន់ប្រមាណ ដែលចេញផ្សាយ កាលពីថ្ងៃសុក្រដោយ Eurostat ដែលជាការិយាល័យស្ថិតិ របស់សហភាពអឺរ៉ុប។

កត្តាជំរុញសំខាន់នៃអតិផរណា នៅតំបន់ចាយប្រាក់អឺរ៉ូ នៅតែបន្តគឺតម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់ ដែលឃើញអតិផរណា ១១,៧ ភាគរយក្នុងខែមិថុនា។ ទោះជាយ៉ាងណាក៏ដោយ នេះតំណាងឱ្យនិន្នាការធ្លាក់ចុះរួចទៅហើយពីអតិផរណា ១២,៥ភាគរយនៅក្នុងខែឧសភា។

ទំនិញឧស្សាហកម្មមិនប្រើថាមពលត្រូវបានព្យាករថានឹងមានអតិផរណាប្រចាំឆ្នាំ ៥,៥ភាគរយនៅក្នុងខែមិថុនាធៀបនឹង ៥,៨ភាគរយនៅក្នុងខែឧសភា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តម្លៃសេវាកម្មទំនងជាកើនឡើងពីអតិផរណាប្រចាំឆ្នាំ ៥ភាគរយក្នុងខែឧសភាដល់ ៥,៤ ភាគរយនៅក្នុងខែមិថុនា។ តម្លៃថាមពលនៅតែបន្តមានកំណើនអវិជ្ជមាន ដោយបានធ្លាក់ចុះពីអតិផរណាពី -១,៨ ភាគរយក្នុងខែឧសភា ដល់ -៥,៦ ភាគរយនៅក្នុងខែមិថុនា។

បើនិយាយពីប្រទេសនីមួយៗ ស្លូវ៉ាគី កំពុងនាំមុខគេជាមួយនឹងអត្រាអតិផរណាប្រចាំឆ្នាំ ១១,៣ ភាគរយក្នុងខែមិថុនា បន្ទាប់មកដោយអេស្តូនីមាន ៩ភាគរយ និងក្រូអាតមាន ៨,៣ ភាគរយ។ ផ្ទុយទៅវិញ លុចសំបួ មានអតិផរណាទាបបំផុតពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា គឺ ១ភាគរយ ដោយប្រទេសអេស្ប៉ាញ និងបែលហ្ស៊ិក បានចុះបញ្ជីអត្រាទាបបំផុតទីពីរគឺ ១,៦ ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top