បរទេស ៖ ក្រុមហ៊ុនអាកាសចររុស្សី Aeroflot Group កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការប្រកាសថា រុស្សី នឹងបើកដំណើរការជើងហោះហើរ ជាប្រចាំវិញជាមួយនឹងប្រទេសគុយបា បន្ទាប់ពីបានផ្អាក ប្រតិបត្តិការនេះអស់រយៈពេលជាងមួយឆ្នាំកន្លងមក។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ Rossiya Airlines នឹងជាអ្នកទទួលខុសត្រូវលើកិច្ចការងារនេះជំនួសឲ្យ Aeroflot ដើម្បីដំណើរការហោះហើរនេះឡើងវិញ។
គួរឲ្យដឹងដែរថា ជើងហោះហើរដំបូងដែលនឹងត្រូវធ្វើឡើងតាមផែនការនោះ គឺជាការហោះហើររវាងប្រទេសរុស្សី អាកាសយានដ្ឋានអន្តរជាតិ Sheremetyevo នៅក្នុងទីក្រុងមូស្គូ ទៅកាន់រមណីយដ្ឋាន Varadero កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ។
រំលឹកដែរថា ជើងហោះហើររវាងប្រទេសរុស្សី និងគុយបាត្រូវបានកាត់ផ្តាច់ គិតចាប់តាំងតែពីពេលដែលលោកខាងលិច បានប្រកាសបិទដែនអាកាស សម្រាប់គ្រប់ជើងហោះហើររបស់រុស្សី ទាំងអស់ក្នុងអំឡុងពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូ ចាប់ផ្តើមធ្វើការវាយប្រហារលុកលុយមកលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំ២០២២កន្លងមក៕ ប្រែសម្រួល៖ស៊ុនលី