ព័ត៌មានអន្តរជាតិ

ប្រធានចារកម្មអាមេរិក CIA ចេញមកបកស្រាយបន្ថែម​ ពាក់ព័ន្ធនឹងក្រុមស៊ីឈ្នួល Wagner របស់រុស្សី

រូបភាព៖ AFP

បរទេស៖ប្រធានទីភ្នាក់ងារចារកម្មអាមេរិកហៅកាត់ថា CIA លោក William Burns បានចេញមកធ្វើការលើកឡើង បញ្ជាក់ប្រាប់ទៅកាន់ទីភ្នាក់ងារ ស៊ើបការណ៍សំងាត់រុស្សី SVR និងប្រធានលោក Sergey Naryshkin ថាសហរដ្ឋអាមេរិក មិនមានការពាក់ព័ន្ធ ជាមួយនឹងក្រុមទាហានស៊ីឈ្នួល និងប្រធានក្រុមហ៊ុន Wagner Group លោក Evgeny Prigozhinឡើយ។

យោងតាមការចេញផ្សាយរបស់ RT លោក Burns បាននិយាយប្រាប់ទៅកាន់ប្រធានភ្នាក់ងារ SVR រុស្សីតាមរយៈទូរស័ព្ទភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានបំបែកភាពតានតឹង នៃការធ្វើការបះបោរដោយបានបញ្ចុះបញ្ចូលភាគីរុស្សី និងទាហានស៊ីឈ្នួល Wagner ឲ្យបញ្ចប់រាល់ការវាយប្រហារគ្នាដោយជាការដោះដូរ នឹងការលើកលែងទោសប្រធានក្រុមហ៊ុនលោក Prigozhin ព្រមទាំងនិរទេស លោកទៅកាន់ប្រទេសបេឡារូស។

កាលពីដើមសប្តាហ៍កន្លងមកនេះផងដែរ លោកប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតរួចរាល់មកហើយដែរថា រដ្ឋបាលរបស់លោកគឺមិនបានចូលរួមពាក់ព័ន្ធ ក្នុងផែនការធ្វើរដ្ឋប្រហារ ដោយក្រុមទាហានស៊ីឈ្នួល Wagner នៅឡើយ។

លោកបានបន្តថា៖យើងគ្មានអ្វីចាំបាច់ ដែលនឹងត្រូវធ្វើការងារនេះជាមួយនឹង Wagner ឡើយប៉ុន្តែជាក់ស្តែងវាបានបង្ហាញ អំពីបញ្ហាផ្ទៃក្នុងនៃការដឹកនាំរបស់រុស្សីប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top