ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្សី ព្រមានប៉ូឡូញ ជុំវិញការស្នើសុំដាក់ពង្រាយនុយក្លេអ៊ែរ

រូបភាព៖ AFP

បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ នឹងអាចផ្ទុះឡើង ប្រសិនបើសហរដ្ឋអាមេរិក នឹងពិតជាសម្រេចចិត្ត ក្នុងការដាក់ពង្រាយអាវុធទាំងនោះ តាមសំណើររបស់ប្រទេសប៉ូឡូញ នៅពេលខាងមុខ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កាលពីដើមសប្តាហ៍កន្លងមកនេះ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawieki បានធ្វើការអំពាវនាវនិងស្នើសុំ ទៅកាន់អង្គការណាតូរួចរាល់ហើយ រដ្ឋាភិបាលទីក្រុង Warsaw ពិតជាមានបំណង ក្នុងការចូលរួមកម្មវិធីចែករំលែក អាវុធនុយក្លេអ៊ែរ ជាមួយនឹងប្លុកនេះដេរ។

ជាការឆ្លើយតបលោក Medvedev បានធ្វើការប្រកាស នៅលើបណ្តាញសង្គម Telegram របស់គាត់បែបជាការព្រមានថា សង្គ្រាមនុយក្លេអ៊ែរ នឹងអាចផ្ទុះឡើង ហើយប្រសិនបើអាមេរិកហ៊ានអនុញ្ញាតិ ឲ្យមានការដាក់ពង្រាយមែននោះ ប្រទេសប៉ូឡូញ ប្រាកដជានឹងប្រឈមមុខ ទៅនឹងការបំផ្លិចបំផ្លាញ ដ៏អាក្រក់មួយជាមិនខាន។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ Morawieki បានធ្វើការលើកឡើងគួរឲ្យភ្ញាក់ផ្អើលថា៖ ដោយសារតែភាពគម្រាមកំហែង ដែលរុស្សីមានបំណងចង់ដាក់គ្រាប់បែក នុយក្លេអ៊ែរពង្រាយនៅបេឡារូស ដូច្នេះយើងនឹងស្នើសុំទៅកាន់អង្គការណាតូ ដើម្បីអាចចូលរួម ក្នុងកម្មវិធីចែករំលែក អាវុធនុយក្លេអ៊ែរឬហៅថា Nuclear Sharing Progarm៕ ប្រែសម្រួល៖ស៊ុនលី

To Top