បរទេស៖ រូបភាពផ្កាយរណប ដែលបានវិភាគដោយសារព័ត៌មាន Associated Press កាលពីថ្ងៃសៅរ៍បានបង្ហាញពីអ្វីដែលមើលទៅដូចជាជំរុំយោធា ដែលទើបសាងសង់ថ្មីនៅក្នុងប្រទេសបេឡារុស្ស ដោយមានសេចក្តីថ្លែងការណ៍ពីក្រុមទ័ពព្រៃបេឡារុស្ស និងមន្ត្រីបានណែនាំថា វាអាចត្រូវបានប្រើសម្រាប់ផ្ទះរបស់អ្នកប្រយុទ្ធ ពីក្រុមទាហានស៊ីឈ្នួល Wagner ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា រូបភាពដែលផ្តល់ដោយ Planet Labs PLC បង្ហាញថា តង់រាប់សិបត្រូវបានសាងសង់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះនៅឯអតីតមូលដ្ឋានយោធានៅខាងក្រៅទីក្រុង Osipovichi ដែលជាទីក្រុងចម្ងាយ ២៣០ គីឡូម៉ែត្រភាគខាងជើង នៃព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ រូបថតផ្កាយរណប ដែលបានថតនៅថ្ងៃទី ១៥ ខែមិថុនា មិនបង្ហាញសញ្ញា នៃជួរដេកនៃរចនាសម្ព័ន្ធពណ៌ស និងពណ៌បៃតង ដែលអាចមើលឃើញយ៉ាងច្បាស់នៅក្នុងរូបភាពបន្ទាប់ ចុះថ្ងៃទី ៣០ ខែមិថុនា។
ប្រធាន Wagner លោក Yevgeny Prigozhin និងអ្នកប្រយុទ្ធរបស់គាត់ បានរត់គេចពីការកាត់ទោស ហើយត្រូវបានផ្តល់កន្លែងជ្រកកោន នៅប្រទេសបេឡារុស្ស កាលពីសប្តាហ៍មុន បន្ទាប់ពីទីក្រុង Minsk បានជួយធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់អ្វីដែលហាក់ដូចជាការបះបោរប្រដាប់អាវុធ ដោយក្រុមទាហានស៊ីឈ្នួលនេះ។
ការបះបោរដែលត្រូវបានបញ្ចៀស គឺបានឃើញកងទ័ព Wagner ដែលបានប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ដណ្តើមបានទីស្នាក់ការយោធាមួយនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយដើរក្បួនរាប់រយគីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ ហាក់ដូចជាគ្មានការរារាំង។
ប្រធានាធិបតីផ្តាច់ការ នៃប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់គាត់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងពឹងផ្អែករបស់ទីក្រុងមូស្គូ អាចប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ Wagner ហើយបានប្រកាសថា គាត់បានផ្តល់ឱ្យអ្នកប្រយុទ្ធនូវ “អង្គភាពយោធាដែលត្រូវបានគេបោះបង់ចោល” ដើម្បីបង្កើតជំរំសម្រាប់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា