ព័ត៌មានអន្តរជាតិ

Update ៖ ស្លាប់ និងរបួសប្រមាណ២០នាក់ ក្រោយពីរុស្ស៊ី បាញ់គ្រាប់ផ្លោងចូលតំបន់ភាគខាងកើត និងខាងត្បូង នៃប្រទេសអ៊ុយក្រែន

រូបភាពពី៖​ AFP

គៀវ​ ៖ យោតាម VOA បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា មានជនស៊ីវិលច្រើនជាងមុន ដែលបានរងគ្រោះពីការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ី នៅតំបន់ភាគខាងកើត និងភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុង គៀវ ដែលជាការបង្ហាញពីការបន្តគាំទ្រពីទីក្រុងម៉ាឌ្រីដ និងសហភាពអឺរ៉ុប សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែន នៅក្នុងការរំដោះកងកម្លាំងរុស្ស៊ី ដែលបានធ្វើការឈ្លានពាន ។

នៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែន ដែលបានទទួលការលើកឡើងជាច្រើនលើកនោះ លោក Sánchez បានថ្លែងថា “យើងនឹងនៅជាមួយអ្នកដរាបណាអ្នកត្រូវការយើង” ។

លោកបានថ្លែងនៅថ្ងៃដែលអេស្ប៉ាញ បានចូលកាន់តំណែងជាប្រធានប្តូរវេនរយៈពេល៦ខែនៃសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន២៧ថា “ខ្ញុំនៅទីនេះដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់សហភាពអឺរ៉ុប និងអឺរ៉ុប ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយខុសច្បាប់ និងអយុត្តិធម៌ចំពោះប្រទេសអ៊ុយក្រែន” ។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយៗមកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy លោក Sanchez បានប្រកាសឲ្យដឹងថា អេស្ប៉ាញ នឹងផ្តល់អាវុធធុនធ្ងន់បន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងរថពាសដែក Leopard ចំនួន៤គ្រឿង និងរថពាសដែកផ្សេងៗទៀត ព្រមទាំងមន្ទីរពេទ្យវាលចល័តមួយ ។

លោកក៏បានថ្លែងផងដែរថា ប្រទេសអេស្ប៉ាញ នឹងផ្តល់ប្រាក់បន្ថែមចំនួន៥៥លានអឺរ៉ូដើម្បីជួយដល់តម្រូវការសាងសង់ប្រទេសនេះឡើងវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top