វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី3 ខែកក្កដា ឆ្នាំ២០២៣ថា អតីតទីប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានសម្តែងក្តីព្រួយបារម្ភអំពីផែនការរបស់រដ្ឋាភិបាលជប៉ុន នៅក្នុងការតម្រូវឱ្យប្រតិបត្តិករ ហាងកម្មវិធីធំៗដូចជា Apple Inc. និង Google LLC អនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាញយក កម្មវិធីនៅខាងក្រៅមកប្រើប្រាស់ ក្រៅពីវេទិកាលក់របស់ក្រុមហ៊ុនទាំងនេះ ។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិ ដែលបានបម្រើការងារកាលពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ ២០២១ នៅក្នុងរដ្ឋបាលលោក ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗនេះជាមួយទីភ្នាក់ងារ Kyodo News ថា “គ្មានសំណួរណាមួយនោះទេដែលថា បក្សកុម្មុយនិស្តចិន នឹងស្រូបយកផលប្រយោជន៍” នៃច្បាប់ថ្មីដែលអនុញ្ញាតឱ្យកម្មវិធី ពីប្រភពភាគីទី៣ដែលមិនបានត្រួតពិនិត្យ ។
ទន្ទឹមនឹងនេះដែរ ការទទួលស្គាល់ពីតម្រូវការ ក្នុងការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង ក្នុងវិស័យឧស្សាហកម្មដោយយុត្តិធម៌ លោក O’Brien បានអំពាវនាវដល់អាជ្ញាធរជប៉ុន ឱ្យផ្អាកច្បាប់បែបនេះ ខណៈដែលគាត់ជឿថា ហានិភ័យសម្រាប់ឯកជនភាព និងសន្តិសុខជាតិនឹងមិនអាច ទទួលយកបាននោះទេ ។
លោកបានព្រមានថា “សូម្បីតែទ្វារបើកចំហមួយផ្នែកក៏ដោយ នៅតែផ្តល់ការបើកចំហរដែលបក្សកុម្មុយនិស្តចិន និងតួអង្គអាក្រក់ផ្សេងទៀត អាចកេងប្រវ័ញ្ចបានដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា