ព័ត៌មានអន្តរជាតិ

អ្នកបើកយន្តហោះចម្បាំង វេណេស៊ុយអេឡាម្នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ អំឡុងពេលធ្វើសមយុទ្ធយោធា

AFP

ការ៉ាកាស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរយន្តហោះចម្បាំង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ប្រដាប់អាវុធជាតិបូលីវ៉ារៀ (FANB) របស់ប្រទេសវេណេស៊ុយអេឡា បានស្លាប់កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា។

យន្តហោះចម្បាំងប្រភេទ Sukhoi 30 Mk2 Flanker បានធ្លាក់នៅកណ្តាលរដ្ឋមីរានដា ក្នុងក្រុង Guaicaipuro អំឡុងពេលធ្វើសមយុទ្ធ ដើម្បីរៀបចំសម្រាប់ព្យុហយាត្រាយោធា ដើម្បីប្រារព្ធទិវាឯករាជ្យ របស់ប្រទេសវេណេស៊ុយអេឡា។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំសោកស្តាយសូមជម្រាបជូនប្រិយមិត្តថា ក្នុងឱកាសនៃការប្រារព្ធពិធីរំលឹកខួប នៃឯករាជ្យភាពរបស់យើង យន្តហោះអាកាសចរណ៍យោធាបូលីវ៉ារៀន បានធ្លាក់ដល់ដី បណ្តាលឲ្យអ្នកបើកយន្តហោះកិត្តិយស Col. Paulino Jose Millan Sabino ស្លាប់បាត់បង់ជីវិត។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ សាច់ញាតិ មិត្តភ័ក្តិ និង FANB របស់យើង” ​។

លោក ម៉ាឌូរ៉ូ បានលើកឡើងថា សហអាកាសយានិក វរសេនីយ៍ទោ Sergio Hernandez បានរួចរស់ជីវិត ហើយកំពុងត្រូវបានព្យាបាល ដោយអ្នកឯកទេសយោធា ដោយលោកបានបន្ថែមថា លោកបានបញ្ជាឱ្យមានការ ស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ ទាំងអ្នកបើកយន្តហោះ និងសហពីឡុត បានគ្រប់គ្រងការចុចកៅអីចេញពីយន្តហោះ មុនពេលវាធ្លាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top