តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦៦ នាក់ ពីបទប៉ុនប៉ងរត់ពន្ធប្រេងម៉ាស៊ូតចំនួន ៥៣២ លានលីត្រនៅក្នុងខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍ប្រទេស។
យោងតាមរបាយការណ៍បានឱ្យដឹងថា កងកម្លាំងនៃក្រសួងស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ីរ៉ង់ និងអង្គការស៊ើបការណ៍សម្ងាត់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដែលបានធ្វើការចាប់ខ្លួននោះ ក៏បានរឹបអូសយកប្រេងឥន្ធនៈផងដែរ។
យោងតាមសារព័ត៌មានខាងលើនេះបានឲ្យដឹងថា ជនសង្ស័យ គឺជាសមាជិកនៃបណ្តាញរត់ពន្ធឥន្ធនៈចំនួន ៨ ដែលនៅតែសកម្ម នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់។ ពួកគេត្រូវបានចោទប្រកាន់ថា បានបង្កឱ្យមានការរំខាន ក្នុងការចែកចាយឥន្ធនៈក្នុងចំណោមរោងចក្រថាមពល អង្គភាពឧស្សាហកម្ម និងកប៉ាល់នេសាទក្នុងខេត្ត Sistan និង Baluchestan ហើយត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរ។
របាយការណ៍បានប៉ាន់ស្មានតម្លៃប្រេង ដែលរឹបអូសបានចំនួន ៣៤០ លានដុល្លារអាមេរិក។ ការរត់ពន្ធឥន្ធនៈ គឺជាអាជីវកម្ម ដែលរកកម្រៃបាននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសារតែការឧបត្ថម្ភធនរបស់រដ្ឋាភិបាល លើថ្លៃប្រេងឥន្ធនៈ៕
ប្រែសម្រួល ឈូក បូរ៉ា