បាម៉ាកូ ៖ លោក Abdoulaye Diop រដ្ឋមន្ត្រីការបរទេសម៉ាលី បានឲ្យដឹង នៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា ស្ថិរភាពរបស់រុស្ស៊ី មានសារៈសំខាន់ សម្រាប់សន្តិភាព សន្តិសុខពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Diop បានលើកឡើងថា “ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ ខ្ញុំបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីរបស់ខ្ញុំ គឺលោក Sergei Lavrov” ដោយបន្ថែមថា លោកបានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី សម្រាប់ “ការគាំទ្រឥតឈប់ឈរ” សម្រាប់ប្រទេសម៉ាលី នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។
យោងតាមអាជ្ញាធរអន្តរកាល របស់ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកខាងលិច បានចូលរួមក្នុង “ភាពជាដៃគូរដ្ឋមួយជាមួយសហព័ន្ធរុស្ស៊ី”។ ចាប់តាំងពីឆ្នាំ២០១២ មក ប្រទេសម៉ាលី បានញាំញីដោយការវាយប្រហារភេរវករ និងអំពើហឹង្សា ដែលប្រព្រឹត្តដោយកងជីវពល និងក្រុមឧទ្ទាម ដែលបណ្តាលឱ្យមានអ្នកស្លាប់រាប់រយនាក់ក្នុងចំណោមជនស៊ីវិល និងកងកម្លាំងយោធា និងជនភៀសខ្លួនរាប់ពាន់នាក់៕
ប្រែសម្រួល ឈូក បូរ៉ា