ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អះអាងពីការកម្ទេចរថក្រោះរបស់អ៊ុយក្រែន អស់ ១៦គ្រឿង

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានរាយការណ៍ថា ចំនួនរថក្រោះប្រយុទ្ធរបស់អ៊ុយក្រែន Leopard 2 ដែលត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី គឺអាចប្រៀបធៀបទៅនឹងការផ្គត់ផ្គងទាំងមូលដែលទីក្រុងគៀវ ទទួលបានពីប្រទេសប៉ូឡូញ និង ប្រទេសព័រទុយហ្គាល់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោក Shoigu កាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានបាត់បង់រថក្រោះ Leopard ចំនួន ១៦ គ្រឿង ដែលលោកបានបន្ថែមថា “ជាក់ស្តែងស្មើនឹង ១០០% នៃរថក្រោះប្រភេទនេះផ្គត់ផ្គង់ដោយប្រទេសប៉ូឡូញ និងព័រទុយហ្គាល់” ។

រដ្ឋាភិបាលទីក្រុងវ៉ារស្សាវ៉ា​ បាន​សន្យា​ផ្តល់រថក្រោះប្រភេទ Leopard 2A4s ចំនួន ១៤ គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន ដោយ​ការ​បញ្ជូន​ដំបូង​ត្រូវ​បាន​រាយការណ៍​ គឺក្នុង​ខែ​មីនា ចំណែក ប្រទេសព័រទុយហ្គាល់ បានបញ្ជូនរថក្រោះប្រភេទ Leopard 2A6 ចំនួនបីគ្រឿង ឆ្លងកាត់ប្រទេសអាល្លឺម៉ង់ក្នុងខែតែមួយ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពស្រដៀងគ្នានេះកាលពីថ្ងៃទី២២ ខែមិថុនា មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានអះអាងថា អ៊ុយក្រែន បានបាត់បង់រថក្រោះ Leopard ចំនួន ១៣ គ្រឿង។

លោក Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានអះអាងក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថា រថក្រោះអ៊ុយក្រែន ត្រូវបានវាយប្រហារបន្ទាប់ពីថ្ងៃទី៤ ខែមិថុនា នៅតំបន់ភាគខាងត្បូង នៃសមរភូមិជួរមុខ រួមជាមួយនឹងយន្តហោះចំនួន ១៥ គ្រឿង ឧទ្ធម្ភាគចក្រយោធាចំនួន ៣គ្រឿង និងរថពាសដែកជាង ៩០០គ្រឿង ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top