ព័ត៌មានអន្តរជាតិ

សមាជិកសភា ប្រឆាំងជប៉ុន បង្ហាញការគាំទ្រ ចំពោះការដេញថ្លៃ របស់តៃវ៉ាន់ ដើម្បីចូលជាសមាជិក WHO

ប្រភព ៖ AFP

តូក្យូ៖ ការិយាល័យ របស់លោកស្រីបានឲ្យដឹងថា សមាជិកសភាបក្សប្រឆាំងជប៉ុនមួយក្រុម បានជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen កាលពីថ្ងៃចន្ទ ហើយបានសម្តែងការគាំទ្រ របស់ពួកគេ ចំពោះការដេញថ្លៃរបស់កោះនេះ ដើម្បីចូលរួមក្នុងអង្គការ សុខភាពពិភពលោក។

អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Seiji Maehara ដែលដឹកនាំគណៈប្រតិភូសមាជិកសភាចំនួន ១០រូប បានឲ្យដឹងថា អសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការចូលរួមក្នុងអង្គការ WHO គឺជាការបាត់បង់ដ៏ធំធេង សម្រាប់សហគមន៍អន្តរជាតិ ដោយបានកត់សម្គាល់ពីរបៀប ដែលកោះនេះដំណើរការ “ល្អណាស់” ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវី- ១៩ ។

សមាជិកនៃក្រុម គឺមកពីគណបក្សប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន គណបក្ស Japan Innovation Party និងគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជាជន ដែលក្នុងនោះលោក Maehara ជាមន្ត្រីជាន់ខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

តៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិ ភាគច្រើន ដោយសារតែការប្រឆាំងពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះថា ជាខេត្តមួយរបស់ខ្លួន និងមិនមែនជាប្រទេសមួយ ។

លោក Maehara បានលើកឡើងថា តៃវ៉ាន់ គឺជាមិត្តដ៏សំខាន់របស់ប្រទេសជប៉ុន ហើយទីក្រុងតូក្យូ នឹងគាំទ្រយ៉ាងពេញទំហឹង ចំពោះបំណងប្រាថ្នារបស់ប្រជាជនតៃវ៉ាន់ ក្នុងការរក្សាស្ថានភាពដដែល និងប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីដោយកម្លាំង។

លោកស្រី Tsai បានលើកឡើងថា ប្រទេសជប៉ុន តែងតែជាសម្ព័ន្ធមិត្តប្រជាធិបតេយ្យដ៏សំខាន់របស់តៃវ៉ាន់ នៅពេលប្រឈមមុខនឹងបញ្ហាផ្សេងៗ ហើយបានថ្លែងអំណរគុណដល់ប្រទេសនេះ សម្រាប់ការគាំទ្រតៃវ៉ាន់នៅលើឆាកអន្តរជាតិ។

ដោយកត់សម្គាល់ថា ប្រជាជនតៃវ៉ាន់ បានធ្វើទស្សនកិច្ចជាង 1 លាននាក់ ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីដើមឆ្នាំនេះមក លោកស្រីប្រធានាធិបតី បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងតៃវ៉ាន់-ជប៉ុន អាចកាន់តែជិតស្និទ្ធថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top