ព័ត៌មានអន្តរជាតិ

ជប៉ុន និងអឺរ៉ុប ពិចារណាបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខ អ៊ីនធឺណិត និងខ្សែសង្វាក់ផ្គត់ផ្គង់

ប្រភព ៖ Xinhua

តូក្យូ ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន និង សហភាពអឺរ៉ុប កំពុងពិចារណា លើការចេញសេចក្តីថ្លែងការណ៍រួម មួយដោយប្រកាស ពីចេតនារបស់ពួកគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រ អ៊ីនធឺណែត និងខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីមេដឹកនាំ របស់ពួកគេជួបគ្នានៅ សប្តាហ៍ក្រោយ ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូល ជាទៀងទាត់ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅទីក្រុងព្រុចសែល នៅថ្ងៃទី១៣ ខែកក្កដា។

ប្រភពបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រទេស ជប៉ុន និងសហភាពអឺរ៉ុប ទំនងជានឹងសន្យាពង្រឹង សមយុទ្ធរួមគ្នារបស់ពួកគេនៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជួយពង្រឹងសមត្ថភាពការពារដែនសមុទ្រ នៃប្រទេសអាស៊ីអាគ្នេយ៍ ជាក់ស្តែងជាមួយនឹងប្រទេសចិនក្នុងចិត្ត។

ប្រទេសជប៉ុន និងសមាជិកមួយចំនួន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានបង្កើនការប្រុងប្រយ័ត្ន ចំពោះទីក្រុងប៉េកាំង ដែលបាននិងកំពុងបង្ហាញ ពីឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់ រួមទាំងសមុទ្រចិនខាងកើត និងខាងត្បូងផងដែរ។

មេដឹកនាំសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ របស់ពួកគេរហូតដល់ថ្ងៃសុក្រ ដោយ​ថា សមុទ្រចិនខាងកើត និង ខាងត្បូងគឺ “មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់វិបុលភាព និងសន្តិសុខ ក្នុងតំបន់ និងសកលលោក” និងបង្ហាញពីការព្រួយបារម្ភ អំពីភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំង ប្រសិនបើចាំបាច់នោះ បាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយស្វ័យភាព។

សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងផងដែរថា មេដឹកនាំសហភាពអឺរ៉ុប បានបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប និងប្រទេសចិន ប៉ុន្តែបានប្តេជ្ញាចិត្តកាត់បន្ថយការ ពឹងផ្អែកលើប្រទេសនេះ ជាពិសេសនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

ប្រភពបានឲ្យដឹងថា នៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច លោក គីស៊ីដា និងប្រធានសហភាពអឺរ៉ុប ត្រូវបានកំណត់ថា នឹងយល់ព្រមធ្វើការរួមគ្នា លើការស្រាវជ្រាវ និងការអភិវឌ្ឍនៃ semiconductors ជំនាន់ក្រោយ និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់បន្ទះឈីប និងសម្ភារៈឧស្សាហកម្មសំខាន់ៗផ្សេងទៀត។

នៅក្នុងការអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅថ្ងៃអង្គារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើខ្សែ សង្វាក់ផ្គត់ផ្គង់ semiconductor រដ្ឋមន្ត្រីមកពីភាគីទាំងពីរ ដែលទទួលខុសត្រូវ លើការត្រួតពិនិត្យគោល នយោបាយឌីជីថលនីយកម្មបានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងតូក្យូកាលពីថ្ងៃចន្ទ។

កាលពីឆ្នាំមុន ប្រទេសជប៉ុន បានចាត់តាំងផលិតផល និងធនធានដូចជា semiconductors ថ្ម និងវត្ថុកម្រជាទំនិញ និងសម្ភារៈសំខាន់ៗ ដែលត្រូវតែធានាបាននូវស្ថេរភាព ទោះបីក្នុងគ្រាមានអាសន្នក៏ដោយ ហើយបាននិងកំពុងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូដែលមានគំនិតដូចគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top