បរទេស៖ ការិយាល័យប៉ូលីសក្រុង បាងកក (MPB) បានរៀបចំកន្លែងស្នាក់ការ នៅក្នុងប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុងចំនួនបី ដើម្បីត្រៀមឃុំខ្លួនអ្នកតវ៉ានយោបាយ ដែលធ្វើសកម្មភាពក្រៅច្បាប់ ក្នុងអំឡុងពេលប្រជុំជ្រើសរើស ប្រធានសភាក្នុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្នងការរងប៉ូលីសក្រុង គឺ ឧត្តមសេនីយ៍ សមគួន ផឿងសាប់ (Somkuan Puengsap) បាននិយាយថា ស្ថានីយ៍ទាំងនោះ មាននៅប៉ុស្តិ៍នគរបាល ថងសុងហុង (Thung Song Hong), ឆាឡុងក្រុង (Chalongkrung) និង ស្ថានីយ៍ ឆូរ៉ាក់ខែ ណយ (Chorakhe Noy) គឺត្រូវបានរៀបចំសម្រាប់ការ ចាប់ខ្លួនណាមួយដែលចាំបាច់ ដើម្បីធានាលើការគ្រប់គ្រងហ្វូងមនុស្ស ប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលនេះ ។
ប៉ុស្តិ៍ប៉ូលិសក្រុងចំនួន៣ ត្រូវបានរៀបចំដើម្បីឃុំខ្លួនមនុស្ស ប្រសិនបើមានអំពើហិង្សាតវ៉ាណាមួយ ក្នុងអំឡុងពេលសកម្មភាពនយោបាយសំខាន់ៗ ដែលបានគ្រោងទុកក្នុងខែនេះ, នេះបើយោងតាមបញ្ជាដែលបានចេញ ថ្ងៃទី ២៩ ខែមិថុនា។
មន្រ្តីប៉ូលីសក្រុងបាងកក បាននិយាយថា របាយការណ៍ដែលអាចទុកចិត្ត បានបានបង្ហាញថា ក្រុមដែលមានគំនិតនយោបាយផ្សេងគ្នា អាចប្រើអំពើហឹង្សាដោយបំពានច្បាប់ សភាសាធារណៈ (ឆ្នាំ២០១៥) និងច្បាប់ពាក់ព័ន្ធ។
ប្រតិបត្តិការរបស់ប៉ូលីសត្រូវបានគេរំពឹងថា នឹងប្រកាន់ខ្ជាប់នូវវិធានការរក្សាសន្តិភាព និងការគ្រប់គ្រងហ្វូងមនុស្ស ជាមួយនឹងដំណើរការដែលមិន បង្កការខូចខាតដល់ទីតាំងណាមួយ ឬបង្កើតលក្ខខណ្ឌមិនមានសុវត្ថិភាព សម្រាប់អ្នកដែលប៉ូលីសអាចចាប់ខ្លួនបាន។
ស្នាក់ការទាំងបីនឹងត្រូវប្រើប្រាស់ សម្រាប់គោលបំណងបែបនេះ ពេញមួយខែកក្កដា ឬរហូតដល់ស្ថានភាពត្រូវបានវិនិច្ឆ័យថា បានវិលមករកភាពប្រក្រតីវិញ។
បើយោងតាមបញ្ជានោះ គឺប្រតិបត្តិការនេះនឹងត្រូវបាន សម្របសម្រួលដោយលោកវរសេនីយ៍ វិឆ័យ ឌឿងប្រដាប់ ( Wichai Daengpradap) អនុប្រធានផ្នែកស៊ើបអង្កេតរបស់ប៉ូលិសក្រុង។
នៅថ្ងៃចន្ទនេះ ព្រះមហាក្សត្ររបស់ថៃ ទ្រង់ស្តេចយាងជាអធិបតីក្នុងពិធីបើក សម័យប្រជុំសភាថ្មីនៅវេលាម៉ោង៥ល្ងាច។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋមន្ត្រីជិតផុតអាណត្តិ ប្រាយុទ្ធ ចាន់ អូចា (Pravut Chan-o-cha) និងគណៈរដ្ឋមន្ត្រី, ប្រធានតុលាការកំពូល, ប្រធានទីភ្នាក់ងារឯករាជ្យ, សមាជិកសភា រួមទាំងសមាជិកព្រឹទ្ធសភា ផងដែរ។
សភាតំណាងរាស្រ្តនឹងកោះប្រជុំនៅថ្ងៃអង្គារ ដើម្បីជ្រើសរើសប្រធានសភា និងតំណាងរាស្ត្រពីររូប ៕
ប្រែសម្រួលៈ ណៃ តុលា