ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​អ៊ីស្រាអែល ​ចំពេល​មាន​ភាព​តានតឹង​នៅ​តំបន់វេសបែង

រូបភាពពី៖​ XINHUA

រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន​ បានសម្រេចចិត្តបញ្ឈប់រាល់ទំនាក់ទំនង កិច្ចប្រជុំ និងការសម្របសម្រួលសន្តិសុខជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការតវ៉ាប្រឆាំងនឹងការវាយឆ្មក់ដ៏ឃោរឃៅចុងក្រោយនៅតំបន់វេសបែង ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨នាក់ និង ៨០ នាក់ផ្សេងទៀតរងរបួស។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេល កិច្ចប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ដែលដឹកនាំដោយប្រធានាធិបតី Mahmoud Abbas នៅទីក្រុងមួយស្ថិតភាគខាងលិចនៃទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Abbas បានអំពាវនាវឱ្យប៉ាឡេស្ទីន “ឈរយ៉ាងរឹងមាំ និងខ្ជាប់ខ្ជួន រួបរួមគ្នា និងការពារទឹកដី និងទីសក្ការៈ”។

របាយការណ៍បានបន្ថែមថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន «បន្តការអំពាវនាវរបស់ខ្លួនសម្រាប់សហគមន៍អន្តរជាតិ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង ទីក្រុងយេរ៉ូសាឡឹម និងតំបន់ហ្គាហ្សាស្រ្ពីព។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ថ្នាក់ដឹកនាំបានសម្រេចចិត្តភ្លាមៗទៅកាន់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៣៤ និងដំណោះស្រាយផ្សេងទៀត ស្តីពីការការពារប៉ាឡេស្ទីន។

កាលពីថ្ងៃច័ន្ទ កងទ័ពអ៊ីស្រាអែល ដែលគាំទ្រដោយរថពាសដែក គ្រឿងចក្រឈូសឆាយ យន្តហោះដ្រូន និងឧទ្ធម្ភាគចក្រ បានធ្វើការវាយ ប្រហារយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងទីក្រុង Jenin ភាគខាងជើង នៃតំបន់វេសបែង និងជំរំជនភៀសខ្លួននៅទីនោះ។

ប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨នាក់បានស្លាប់ និង ៨០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយឆ្មក់ នេះបើយោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន។

ចាប់តាំងពីខែមករាមក មនុស្ស ២៤នាក់ ដែលភាគច្រើនជាជនជាតិ អ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយប៉ាឡេស្ទីន ហើយជនជាតិប៉ាឡេស្ទីន ១៨០នាក់ រួមទាំងកុមារ និងស្ត្រី ត្រូវបានសម្លាប់ដោយទាហាន និងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល នេះបើយោងតាមតួលេខផ្លូវការ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top