ព័ត៌មានអន្តរជាតិ

ចិន លប់ចោល ដំណើរទស្សនកិច្ច របស់មន្ត្រីទូតជាន់ខ្ពស់ របស់អឺរ៉ុប

រូបភាព៖ Afp

បរទេស៖ អ្នកនាំពាក្យរបស់ប្លុកអឺរ៉ុប កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសចិន បានលប់ចោល នូវផែនការបំពេញទស្សនកិច្ច ដោយប្រធានគោលនយោបាយ ការបរទេស របស់អឺរ៉ុបលោក Josep Borrell ដែលគ្រោងធ្វើឡើងនៅសប្តាហ៍ ក្រោយមកកាន់ប្រទេសចិន។

យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យដដែលបាននិយាយថា៖សំណាងមិនល្អពួកយើងត្រូវបានណែនាំដោយភាគីចិនថាផែនការជួបជុំគ្នានៅសប្តាហ៍ក្រោយនោះគឺនឹងមិនត្រូវបានរៀបចំទៀតនោះទេហើយយើងនឹងត្រូវស្វែងរកពេលវេលាជំនួសមកវិញ។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងប៉េកាំងមិនបានធ្វើការអះអាងអំពីមូលហេតុនៃការលប់ចោលដំណើរទស្សនកិច្ចនេះទេខណៈដែលអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បានពន្យល់ថាលោកស្រីមិនបានទទួលព័ត៌មានលំអិតទេអំពីដំណើរទស្សនកិច្ចរបស់លោក Borrell។

គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចដែលត្រូវបានប្រកាសឡើងដំបូងដោយប្រេសិតពិសេសប្រចាំប្រទេសចិនលោក Jorge Toledo កាលពីវេទិកាសន្តិភាពពិភពលោកលើកទី១១ដែលធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងដែលបញ្ជាក់ថាលោក Borrell នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top