ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចង់បានយន្តហោះចម្បាំង ពីលោកខាងលិច ច្រើនបន្ថែមទៀត មិនមែនត្រឹមតែ F-16 ឡើយ

រូបភាព៖ Afp

បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាស អ៊ុយក្រែន លោក Yury Ignat កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាយន្តហោះចម្បាំង F-16 ដែលធ្លាប់បានសន្យា ផ្តល់កងកម្លាំងយោធាអ៊ុយក្រែន ដោយលោកខាងលិចនោះ គឺមិនមែនត្រឹមតែជាយន្តហោះចម្បាំង ដែលរដ្ឋាភិបាលក្រុងគៀវ ចង់បានមួយគត់នោះទេ។

យោងតាមការចេញផ្សាយរបស់ RT អ៊ុយក្រែនក៏នឹងពិចារណាទៅលើប្រភេទយន្តហោះចម្បាំងផ្សេងទៀតរបស់បណ្តាប្រទេសនៅលោកខាងលិចដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួនផងដេរដែលក្នុងនោះអាចមានទាំងយន្តហោះប្រភេទ F/A-18 Hornets ដែលផលិតនៅអាមេរិកពីកងទ័ពអូស្ត្រាលីផងដែរ។

ទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យបានពន្យល់ថា អ៊ុយក្រែន មិនអាចធ្វើការដាក់សំពាធនិងបង្ខំ សហរដ្ឋអាមេរិកនិងលោកខាងលិចឡើយ ពោលគឺវាអាស្រ័យទៅលើ ការសម្រេចចិត្តផ្តល់ជំនួយ របស់ពួកគេប៉ុណ្ណោះ។

លោក Ignat បានបន្តថាយន្តហោះចម្បាំងផ្សេងទៀត ដែលមានទាំង F/A-18, F-15 និង Eurofight Typhoon ផងសុទ្ធតែជាយន្តហោះចម្បាំងដែលមានសមត្ថភាពហោះហើរបានឆ្ងាយនិងវាយប្រហារបានជ្រៅដល់រុស្សីប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅពេលនេះអ៊ុយក្រែននឹងផ្តោតសំខាន់តែទៅលើយន្តហោះ F-16 អាមេរិកជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

To Top