តូក្យូ៖ ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនៃ semiconductors ក្នុងគោលបំណងការពារខ្លួនពីការ ដួលរលំនៃសង្រ្គាមបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និងចិនដែលកាន់តែខ្លាំងឡើង។
រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura និងស្នងការអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង Thierry Breton បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ដែលផ្តល់អាទិភាពដល់ការបង្កើតយន្តការ សម្រាប់ការចែករំលែកព័ត៌មាន ដើម្បីការពារកង្វះការផ្គត់ផ្គង់ ដែលអាចកើតមាននៃបន្ទះឈីប។
ឯកសារដែលបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងតូក្យូក៏ផ្តោតលើការផ្លាស់ប្តូរព័ត៌មាន ស្តីពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល សម្រាប់ក្រុមហ៊ុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការផ្គត់ផ្គង់បន្ទះឈីបលើសតម្រូវការ។
លើសពីនេះ ជប៉ុន និងសហភាពអឺរ៉ុប មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងឧស្សាហកម្មនេះផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រទេសជប៉ុន បាននិងកំពុងព្យាយាមធ្វើឱ្យ ស៊ីជម្រៅភាពជាដៃគូជាមួយសម្ព័ន្ធមិត្ត និងប្រទេស ដែលមានគំនិតដូចគ្នា ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ធន់ សម្រាប់ផលិតផល និងសម្ភារៈសំខាន់ៗ រួមទាំងបន្ទះសៀគ្វី ថ្ម និងសារធាតុរ៉ែ ដើម្បីប្រឈមមុខនឹងហានិភ័យ សន្តិសុខភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលកើនឡើង ដូចជាសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងការកើនឡើងឥទ្ធិពលរបស់ចិន។
កាលពីខែឧសភា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិកជំនាន់ក្រោយ និងបានបញ្ជាក់ពីភាពចាំបាច់ សម្រាប់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការចូលរួមពហុភាគី ដូចជាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលជាគំនិតផ្តួចផ្តើមសេដ្ឋកិច្ច ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ដោយមានការចូលរួមពីប្រទេសចំនួន ១៤ ក្នុងតំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា