ព័ត៌មានអន្តរជាតិ

ហុងគ្រី គំរាមរារាំងរាល់ជំនួយ យោធារបស់ EU ដល់អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ ប្រទេសហុងគ្រី នឹងមិនយល់ព្រមចំពោះការផ្តល់ហិរញ្ញប្បទាន បន្ថែមរបស់សហភាពអឺរ៉ុប លើការដឹកជញ្ជូនសព្វាវុធទៅអ៊ុយក្រែន នោះទេ លុះត្រាតែរដ្ឋាភិបាល ទីក្រុងគៀវ ដកអ្នកផ្តល់ប្រាក់កម្ចីធំ ជាងគេ របស់ប្រទេសហុងគ្រី ចេញពីបញ្ជីនៃ “អ្នកឧបត្ថម្ភសង្រ្គាម”, នេះបើតាមរដ្ឋមន្ត្រី ការបរទេសហុងគ្រី លោក Peter Szijjarto បានប្រាប់សន្និសីទ សារព័ត៌មាន កាលពីថ្ងៃអង្គារ។ លោក Peter Szijjarto បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការដាក់ធនាគារ OTP របស់ប្រទេសហុងគ្រី លើអ្វីដែលលោកហៅថា “បញ្ជីអាម៉ាស់” ដោយហៅការដាក់ក្នុងបញ្ជីនេះថា “គួរឱ្យស្អប់ខ្ពើម” និង “មិនអាចទទួលយកបាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Peter Szijjarto ថា “ជំហររបស់យើងគឺច្បាស់លាស់ ៖ រហូតដល់ OTP ដែលជាធនាគារនៅហុងគ្រី ត្រូវបានដកចេញពីបញ្ជីនេះ, ហុងគ្រីនឹងមិនផ្តល់ភ្លើងខៀវ បន្ថែមលើការផ្តល់ មូលនិធិ របស់សហភាពអឺរ៉ុប សម្រាប់ការដឹកជញ្ជូន អាវុធទៅអ៊ុយក្រែនទេ” ។ លោកបានព្រមានថា ការសម្រេចចិត្តនេះ នឹងគ្របដណ្តប់មិនត្រឹមតែប្រាក់ ៥០០លានអឺរ៉ូ (៥៤៦ លានដុល្លារ) នៃអាវុធដែលទីក្រុង Budapest បានវេតូមុននោះទេ ប៉ុន្តែលោកបានព្រមានថា ជំនួយផ្នែកយោធាណាមួយ បន្ថែមទៀតផងដែរ អាចនឹងត្រូវ វេតូ ។

លោក Szijjarto បាននិយាយទៀតថា “វានឹងប្រសើរ ជាងប្រសិនបើពួកគេ [សហភាពអឺរ៉ុប] មិនចេញសំណើណា មួយដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការចែកចាយអាវុធបន្ថែមទៀត” ។

លោក Szijjarto បាននិយាយបន្ទាប់ពីកិច្ចប្រជុំ នៃគណៈកម្មាធិការសេដ្ឋកិច្ចរួមហុងគ្រី-ហ្ស៊កដានីថា ទីក្រុង Budapest “កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយប្រជាជនអ៊ុយក្រែន” ហើយប្រជាជនហុងគ្រី “កំពុងបង់ថ្លៃនៃសង្រ្គាម ដែលពួកគេមិនមានពាក់ព័ន្ធ” អ្វីសោះ។ មន្ត្រីរូបនេះក៏បានហៅអាកប្បកិរិយា របស់ក្រុងកៀវចំពោះប្រទេសហុងគ្រី ថាជាការលេងសើច និងថា “ពេលខ្លះយើងពិតជាមានអារម្មណ៍ថាពួកគេ [អ៊ុយក្រែន] កំពុងលេងសើចនឹងយើង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top