បរទេស៖ តុលាការព្រហ្មទណ្ឌប្រទេសថៃ កាលពីថ្ងៃច័ន្ទបានកាត់ទោស អតីតពាណិជ្ជករ លោក Prasit Jeowkok អាយុ ៥២ ឆ្នាំ ឱ្យជាប់ពន្ធនាគារសរុបចំនួន ១ ១៥៥ ឆ្នាំ ករណីឆបោកលើការវិនិយោគ ហើយបានបញ្ជាឱ្យគាត់បង់ប្រាក់ចំនួន ១ ០០០លានបាត ជាសំណងដល់ជនរងគ្រោះ។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការបានរកឃើញថា លោក Prasit មានដើមកំណើតនៅខេត្ត Krabi និងចុងចោទពីរនាក់ផ្សេងទៀត ក្នុងឆ្នាំ ២០២០ និង ឆ្នាំ២០២១ បានទាក់ទាញមនុស្សជាច្រើន តាមអ៊ីនធឺណិត ឱ្យមកបណ្តាក់ទុនក្នុងអាជីវកម្ម ដោយនិយាយថា រួមបញ្ចូលកញ្ចប់ដំណើរកម្សាន្ត សហករណ៍ និងជួលទំនិញប្រណីតៗ។ ពួកគេបានសន្យាថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ដែលមិនត្រូវបានបង់។
តុលាការបានរកឃើញទៀត ថា ពួកគេមានទោសពីបទក្លែងបន្លំសាធារណៈ និងឧក្រិដ្ឋកម្មកុំព្យូទ័រ។
ទោសដែលមានរយៈពេល ១.១៥៥ឆ្នាំ មានរយៈពេលជាប់គ្នាទៅលើបទល្មើសចំនួន ៣២១។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់កំណត់ពេលវេលា ជាក់ស្តែងដល់ ២០ ឆ្នាំ។
លោក Prasit បានប្រគល់ខ្លួនឱ្យប៉ូលិសនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារកណ្តាល Bang Kwang ក្នុងខេត្ត Nonthaburi ។ លោកបានព្យាយាមរត់គេចពីតុលាការព្រហ្មទណ្ឌកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំមុន៕
ប្រែសម្រួលៈ ណៃ តុលា