បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសចិន កាលពីថ្ងៃម្សិលមិញនេះ បានចោទប្រកាន់ សហរដ្ឋអាមេរិក ដោយមានចចេតនា ក្នុងការបង្កើន ភាពតានតឹង នៅដែនសមុទ្រកោះតៃវ៉ាន់ តាមរយៈការអនុញ្ញាតិ លក់អាវុធ ក្នុងតម្លៃដល់ទៅ៤៤០លានដុល្លារ ឲ្យរដ្ឋាភិបាលកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ។
យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា កញ្ចប់អាវុធទាំងនោះ ដែលមានរួមទាំងគ្រាប់កាំភ្លើងធំ 30mm អាវុធខ្នាតតូចព្រម ទាំងប្រព័ន្ធប្រយុទ្ធនិង សំភារៈយោធាផ្សេងទៀត ។

អ្នកនាំពាក្យ របស់ក្រសួង ការពារជាតិចិន លោក Tan Kefei បានបញ្ជាក់បែបនេះថា ៖ការសម្រេចចិត្តមួយនេះ គឺមានន័យស្មើ នឹងការពន្លឿនការប្រែក្លាយកោះតៃវ៉ាន់ ឱ្យទៅជាធុងម្សៅ និងរុញប្រជាជនតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅ នៃគ្រោះមហន្តរាយជាមិនខានឡើយ។
លោក Tan ក៏បានជំរុញឱ្យរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ឈប់ជាបន្ទាន់នូវការលក់អាវុធឱ្យកោះតៃវ៉ាន់ និងបញ្ចប់ ទម្រង់ណាមួយនៃការឃុបឃិតគ្នាយោធា រវាងសហរដ្ឋអាមេរិក និងដែនកោះមួយនេះ ៕
ប្រែសម្រួល៖ស៊ុនលី
