បរទេស ៖ វិមានក្រឹមឡាំង បានច្រានចោលការអះអាងបែប “ប្រឌិត” នៅក្នុងសារព័ត៌មាន លោកខាងលិច ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមានសមភាគីរុស្ស៊ី លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ប្រឆាំងនឹងការប្រើប្រាស់អាវុធ នុយក្លេអ៊ែរ នៅប្រទេសអ៊ុយក្រែន ។ ការអះអាងបែបប្រឌិតនេះ ត្រូវបានរាយការណ៍ដោយកាសែត Financial Times ដោយផ្អែកលើប្រភពការទូតអនាមិក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ពូទីន បានប្រាប់អ្នកកាសែត កាលពីថ្ងៃពុធនៅពេលសួរអំពីអត្ថបទ FT ថា “ខ្ញុំមិនអាចបញ្ជាក់បានទេ” ។ លោកបានស្នើថា សេចក្តីថ្លែងការណ៍ផ្លូវការ ទាក់ទងនឹងដំណើរទស្សនកិច្ច “សំខាន់” របស់លោក ស៊ី ទៅកាន់ទីក្រុងម៉ូស្គូ ក្នុងខែមីនាគឺ “គ្រប់គ្រាន់” ដើម្បីធ្វើការសន្និដ្ឋានអំពីលក្ខណៈរបស់វា។
យោងតាម កាសែត Financial Times, មន្រ្តីចិនបាន “ទទួលការទុកចិត្តជាឯកជន សម្រាប់ការបញ្ចុះបញ្ចូល ប្រធានាធិបតីរុស្ស៊ី ឱ្យបដិសេធពីការ គំរាមកំហែង លាក់បាំងក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរប្រឆាំង នឹងអ៊ុយក្រែន” ។ កាសែតនេះ បានអះអាងថា “ការរារាំងលោកពូទីន” ពីការវាយប្រហារបរមាណូ គឺជាផ្នែកសំខាន់ នៃយុទ្ធសាស្រ្តការទូត របស់ទីក្រុងប៉េកាំងទាក់ទងនឹងអឺរ៉ុប។
រដ្ឋាភិបាលចិនបានស្តីបន្ទោសគោលនយោបាយរបស់លោកខាងលិច រួមទាំងការពង្រីកអង្គការណាតូនៅក្នុងទ្វីបអឺរ៉ុបសម្រាប់ជម្លោះអ៊ុយក្រែន ដោយបានបដិសេធទស្សនៈ របស់លោកខាងលិចដែលថា ប្រតិបត្តិការយោធារបស់រុស្ស៊ីគឺ “គ្មានការបង្កហេតុ” ។ វាក៏បានជំរុញជាសាធារណៈ ដល់ក្រុងម៉ូស្គូកុំឲ្យប្រើ សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ អត្ថបទ FT បាននិយាយថា ការព្រមានពីលោក ស៊ី ទៅកាន់លោក ពូទីន បានផ្តល់ទំនុកចិត្តដល់ អ្នកគាំទ្ររដ្ឋាភិបាលទីក្រុងគៀវថា “ប្រទេសចិនកំពុងគាំទ្រ វោហាសាស្ត្រសាធារណៈរបស់ខ្លួន នៅពីក្រោយទ្វារបិទជិត” ៕
ប្រែសម្រួលៈ ណៃ តុលា