ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា លោក Joe Biden ប្រើកូកាអ៊ីន នៅសេតវិមាន

ប្រភព ៖ xinhua

បរទេស ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗ ទៅលើប្រធានាធិបតី Joe Biden និងកូនប្រុសរបស់លោក ជុំវិញការរកឃើញកូកាអ៊ីន នៅក្នុងសេតវិមាន ដោយលើកឡើងថា វាអាចជាកម្មសិទ្ធិរបស់ពួកគេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កាល​ពី​ថ្ងៃ​អាទិត្យ ភ្នាក់ងារ​សេវា​សម្ងាត់​បាន​រក​ឃើញ “កាបូប​តូច​ដែល​មាន​ខ្សែ​រ៉ូត” ដែល​មាន​ម្សៅ​ពណ៌ស ​នៅ​ខាង​ក្នុង​ការិយាល័យ West Wing ដែល​ការរកឃើញនេះ បានជំរុញ​ឱ្យ​មាន​ការ​ជម្លៀស​មនុស្សចេញ​ពី​សេតវិមានផងដែរ។ ក្រោយ​មក មន្ត្រី​សេវា​សម្ងាត់​បាន​បញ្ជាក់​ប្រាប់ CNN ថា ម្សៅ​នោះ​ពិត​ជា​កូកាអ៊ីន។

ការអត្ថាធិប្បាយលើបញ្ហានេះ លេខាធិការសារព័ត៌មាន របស់សេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថា រដ្ឋបាលលោក Biden មានទំនុកចិត្តថាការស៊ើបអង្កេតនឹង “ឈានដល់ចំណុចសំខាន់រកឃើញការពិត” នៃឧប្បត្តិហេតុដោយកត់សម្គាល់ថា សារធាតុត្រូវបានរកឃើញនៅក្នុង “តំបន់ដែលមានការធ្វើដំណើរច្រើន” ដែលតែងតែឃើញភ្ញៀវ ចេញចូលជាច្រើន ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការវាយតម្លៃខុសគ្នាពីឧប្បត្តិហេតុនេះ។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើទំព័រ របស់លោកនៅលើ TruthSocial កាលពីថ្ងៃពុធ “តើមានអ្នករាល់គ្នាជឿទេថា កូកាអ៊ីនដែលរកឃើញនៅ West Wing ក្នុងសេតវិមាន នៅជិតការិយាល័យ Oval Office គឺសម្រាប់ប្រើប្រាស់សម្រាប់អ្នកណាផ្សេងទៀតក្រៅពី Hunter & Joe Biden»។

លោក ត្រាំ ក៏បានព្យាករណ៍ទៀតថា “ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នឹងចាប់ផ្តើមនិយាយថា បរិមាណដែលបានរកឃើញគឺ “តិចតួចណាស់” ហើយវាពិតជាមិនមែនជាកូកាអ៊ីនទេ” ប៉ុន្តែថ្នាំដែលត្រូវបានគិតថា ដូចជាអាស្ពីរីន ហើយ “រឿងនេះនឹងរលាយបាត់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top