ព័ត៌មានអន្តរជាតិ

ប្រធាន OPEC មានសុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន

រូបភាពពី៖ XINHUA

វីយែន៖ លោក Haitham Al Ghais អគ្គលេខាធិការ នៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានឲ្យដឹងថា លោកមានសុទិដ្ឋិនិយមខ្លាំង ចំពោះការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយបានព្យាករណ៍ពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយប្រទេសចិន ក្នុងការផ្លាស់ប្តូរថាមពល បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួ នៅខាងក្រៅសិក្ខាសាលាអន្តរជាតិ OPEC លើកទី៨ នៅទីក្រុងវីយែន កាលពីថ្ងៃពុធ លោកបានប្រាប់ស៊ីនហួថា ប្រទេសចិន ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅអាស៊ី នឹងបន្តជា “អ្នកជំរុញសម្រាប់កំណើនតម្រូវការប្រេង។ “

ប្រធានអង្គការរូបនេះ OPEC បានលើកឡើងថា “ខ្ញុំត្រូវយល់ថាតើសេដ្ឋកិច្ចចិន មានភាពស្វាហាប់ប៉ុណ្ណា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន អាចមានភាពស្វាហាប់ប៉ុណ្ណា” ក្នុងអំឡុងពេលបីឆ្នាំកន្លះរបស់លោកធ្វើការជាប្រធានការិយាល័យរបស់សាជីវកម្មប្រេងគុយវ៉ែត។

លោកបានបន្ថែមថា គោលដៅប្រហែល ៥ ភាគរយដែលប្រទេសចិនបានកំណត់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ធ្វើឱ្យវាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត នៅទូទាំងពិភពលោក។

នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនដែលបានចេញផ្សាយនៅក្នុងខែមិថុនា OPEC បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣ ពី ៨០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ (bpd) ដល់ ៨៤ម៉ឺនបារ៉ែលដោយលើកឡើងពី “លទ្ធផលល្អប្រសើរជាងការរំពឹងទុកនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន” ។

លោក Al Ghais បានបន្ដថា អង្គការ OPEC ព្យាករណ៍កំណើនតម្រូវការប្រេងពិភពលោកចំនួន ២,៣ លានបារ៉ែលក្នុងមួយម៉ោងនៅឆ្នាំនេះ ដែលភាគច្រើននឹងមកពីប្រទេសដែលមិនមែនជាសមាជិក នៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដោយ “ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេស សមាសធាតុសំខាន់ៗនៃកំណើននេះ”។

លោកបានបន្ថែមថា “យើងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការងើបឡើងវិញរបស់ចិន” ដោយបន្ថែមថា “ការបើកដំណើរការឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩” របស់ប្រទេសចិន “ដែលមានរចនាសម្ព័ន្ធល្អ និងផែនការល្អ” នឹងបង្កើតឱ្យមានកំណើនតម្រូវការប្រេង សម្រាប់ពេលអនាគត។

នៅពេលត្រូវបានសួរអំពីកិច្ចសហប្រតិបត្តិការ OPEC-ចិន លោក Al Ghais បានលើកឡើងថា សម្ព័ន្ធភាពអ្នកផលិតប្រេងនៅតែមាន “ទំនាក់ទំនងយ៉ាងជិតស្និទ្ធ” ជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានអង្គការ OPEC បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែឧសភាឆ្នាំនេះ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកទី 6 នៃកិច្ចសន្ទនា OPEC-ចិន ដែលលោកបានប្រាប់ស៊ីនហួថា ជា “កិច្ចប្រជុំប្រកបដោយផ្លែផ្កាខ្លាំងណាស់” ។

ខណៈដែលការផ្លាស់ប្តូរថាមពលស្ថិតនៅក្រោមការយកចិត្តទុកដាក់នៅក្នុងសិក្ខាសាលាអន្តរជាតិ OPEC លើកទី៨ ប្រធានបទ “ឆ្ពោះទៅរកការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងរួមបញ្ចូល” លោក Al Ghais ក៏រំពឹងថា OPEC នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកាន់តែស៊ីជម្រៅជាមួយប្រទេសចិន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top