ព័ត៌មានអន្តរជាតិ

មហាអំណាច៣ ជំរុញឱ្យ UN ស៊ើបអង្កេតយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលប្រើក្នុងការវាយប្រហារលើប្រទេសអ៊ុយក្រែន

រូបភាពពី៖​ XINHUA

បរទេស៖ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានចោទប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការផ្ទេរយន្តហោះគ្មានមនុស្សបើករបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងមូស្គូ ដែលយោធានៅពេលនោះបានប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ម្តងហើយម្តងទៀត។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មហាអំណាចទាំងបីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ បានរំលោភលើកាតព្វកិច្ចក្រោមដំណោះស្រាយលេខ ២២៣១ របស់អង្គការសហប្រជាជាតិ ដែលបានកំណត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ នៅក្នុងច្បាប់អន្តរជាតិ ហើយតាមរយៈការបញ្ជូនយន្តហោះគ្មានមនុស្សបើក ដោយគ្មានការយល់ព្រមជាមុនពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ីរ៉ង់-រុស្ស៊ី បានបំពានលើដំណោះស្រាយនេះ។

មហាអំណាចទាំង៣បានជំរុញឱ្យអង្គការសហប្រជាជាតិ ដោះស្រាយលើការរំលោភដែលបានចោទប្រកាន់ ក្នុងអំឡុងពេលកិច្ចប្រជុំពាក់កណ្តាលឆ្នាំអំពីការអនុវត្តដំណោះស្រាយ។

បេសកជនអាមេរិក លោក Robert Wood បាននិយាយថា “ជាពិសេស លេខាធិការដ្ឋានអង្គការសហប្រជាជាតិ គួរតែឬក៏គ្មានការពន្យាពេលណាមួយ ក្នុងការបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅទីក្រុងគៀវ ដើម្បីពិនិត្យកម្ទេចកម្ទីពីអាវុធទាំងនេះ ដែលរុស្ស៊ីប្រើប្រឆាំងនឹងអ៊ុយក្រែន” ដោយបន្ថែមថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres គួរតែធ្វើបច្ចុប្បន្នភាពក្រុមប្រឹក្សា ស្តីពីការវាយតម្លៃអំពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលបានរកឃើញនៅអ៊ុយក្រែន ក្នុងរយៈពេល៣០ថ្ងៃបន្ទាប់។

រហូតមកដល់ពេលនេះ លោក Guterres បានបដិសេធទៅលើការអំពាវនាវដើម្បីបញ្ជូនក្រុមអ្នកជំនាញ ដោយនិយាយថាការិយាល័យរបស់លោកកំពុងបន្តពិនិត្យមើលព័ត៌មានដែលមានស្រាប់៕ ប្រែសម្រួលៈ ណៃ តុលា

To Top