ព័ត៌មានអន្តរជាតិ

លោក Erdogan ដាក់ជាសំនួរថា តើ​រដ្ឋ​ដែល​មិន​ឃ្លាត​ឆ្ងាយ​ពី​អង្គការ​ភេរវជន  អាច​រួមចំណែក​ដល់​ណាតូ បាន​ដោយ​របៀប​ណា​?

រូបភាពពី៖​ XINHUA

អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្របានជំទាស់ថា ប្រទេសរបស់លោក នឹងមិនបើកភ្លើងខៀវ ចំពោះការចូលជាសមាជិករបស់ស៊ុយអែត ទៅក្នុងអង្គការណាតូនោះទេ លុះត្រាតែប្រទេស Nordic ប្រកាន់ជំហររឹងមាំប្រឆាំងនឹង “ក្រុមភេរវកម្ម”។

តើ​រដ្ឋ​ដែល​មិន​ឃ្លាត​ឆ្ងាយ​ពី​អង្គការ​ភេរវជន អាច​រួមចំណែក​ដល់​ណាតូ បាន​ដោយ​របៀប​ណា​? នេះជាសំនួររបស់លោក Erdogan នៅក្នុងពិធីប្រគល់សញ្ញាបត្ររបស់សាកលវិទ្យាល័យការពារជាតិក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

លោកបានលើកឡើងថា រដ្ឋាភិបាលរបស់លោករំពឹងថា ប្រទេសស៊ុយអែត នឹងគោរពតាមការសន្យារបស់ខ្លួនក្នុងការគិតគូរពីកង្វល់សន្តិសុខរបស់តួកគី ដោយបន្ថែមថា លោកនឹងនាំយកការយកចិត្តទុកដាក់របស់សម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលធ្វើឡើងនៅទីក្រុងវីលនីស ប្រទេសលីទុយអានី នៅសប្តាហ៍ក្រោយ។

លោកប្រធានាធិបតីបានបន្ដថា តួកគី បានគាំទ្រគោលនយោបាយបើកចំហរបស់អង្គការណាតូ ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍រដ្ឋណាមួយ ដែលបានប្តេជ្ញាចិត្ត ចំពោះគោលការណ៍ជាមូលដ្ឋានរបស់សម្ព័ន្ធភាព។

ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូ កាលពីឆ្នាំមុន ប៉ុន្តែបានប្រឈមមុខនឹងការជំទាស់ពីប្រទេសតួកគី ក្រោមហេតុផលថា ប្រទេសទាំងពីរបានកាន់កាប់សមាជិក នៃគណបក្សពលករឃឺឌីស្ថានខុសច្បាប់ និងចលនា Gulen ។

តួកគី នៅទីបំផុតបានដកការជំទាស់របស់ខ្លួនចំពោះហ្វាំងឡង់ នៅដើមឆ្នាំនេះ បន្ទាប់ពីប្រទេស Nordic បានចាត់វិធានការជាក់ស្តែងប្រឆាំងនឹងក្រុមទាំងនេះ ហើយប្រទេសនេះបានបន្តក្លាយជាសមាជិកទី៣១ របស់ណាតូ ក្នុងខែមេសា ប៉ុន្តែ​ទីក្រុង​អង់ការ៉ា រក្សា​វេតូ​លើសមាជិកភាពរបស់​ស៊ុយអែត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top