បរទេស៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវដល់សមភាគីចិន គឺលោក ស៊ី ជិនពីង ឱ្យ “ប្រុងប្រយ័ត្ន” បន្ទាប់ពីលោក ស៊ី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីនកាលពីខែមីនា មេដឹកនាំអាមេរិកបានប្រាប់ CNN ។ នៅក្នុងការដកស្រង់ចេញពីបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក បៃដិន បាននិយាយថា លោកបានបញ្ជាក់ពីអ្វីដែលលោកហៅថា ការពឹងផ្អែករបស់ក្រុមហ៊ុនយក្សអាស៊ី លើការវិនិយោគរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក បៃដិន បានប្រាប់ទូរទស្សន៍ CNN ថា “ខ្ញុំបាននិយាយថា នេះមិនមែនជាការគំរាមកំហែងទេ។ នេះគឺជាការសង្កេត” ។
លោកបានបន្ថែមថា “ចាប់តាំងពីរុស្ស៊ីចូលអ៊ុយក្រែនមក សាជីវកម្មអាមេរិកចំនួន ៦០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី ហើយអ្នកបានប្រាប់ខ្ញុំថា សេដ្ឋកិច្ចរបស់អ្នកពឹងផ្អែក លើការវិនិយោគពីអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយត្រូវប្រុងប្រយ័ត្ន ប្រយ័ត្ន” ។
បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូ លោកប្រធានាធិបតី ពូទីន និងលោក ស៊ី បានចុះហត្ថលេខាលើឯកសារ ស្តីពីការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរុស្ស៊ី-ចិន។ រដ្ឋាភិបាលទាំងពីរបានសង្កត់ធ្ងន់ លើការត្រៀមខ្លួន របស់ពួកគេដើម្បីធ្វើការឆ្ពោះទៅរក ទំហំពាណិជ្ជកម្ម ២០០ពាន់លានដុល្លារ ឬខ្ពស់ជាងនេះ ដោយរូបិយប័ណ្ណជាតិត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ក្នុងការប៉ុនប៉ងដើម្បីកាត់បន្ថយការធ្វើពាណិជ្ជកម្ម ដោយប្រើប្រាក់ដុល្លារអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា