បរទេស៖ កាសែត Telegraph បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមន្ត្រីអង្គការណាតូថា ប្រទេសអាល្លឺម៉ង់ មានជំហរប្រឆាំង នឹងការផ្តល់ផែនទីបង្ហាញផ្លូវច្បាស់លាស់ ដល់ទីក្រុងគៀវ ឬការធានាជាក់ស្តែងនៃការចូលរួម ជាមួយប្លុកយោធាលោកខាងលិច នៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខ នៅក្នុងប្រទេសលីទុយអានី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពមិនបញ្ចេញឈ្មោះមួយ នៅក្នុងប្លុកយោធាណាតូ បានប្រាប់កាសែតអង់គ្លេសថា “ទីក្រុងប៊ែកឡាំងមានភាពមិនរាក់អាក់ ចំពោះការរំពឹងទុក នៃការផ្តល់សមាជិកភាពភ្លាមៗ… អាល្លឺម៉ង់ចង់បានដំណើរការ និងពេលវេលា ដើម្បីបង្កើតការធានាដើម្បីទប់ស្កាត់ សមាជិកភាពជាចាំបាច់” ។
អាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថា មានការប្រុងប្រយ័ត្នថា ក្រុងគៀវនឹងលើកឡើង ជាបន្ទាន់នូវមាត្រា ៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលចែងថា ការវាយប្រហារប្រឆាំងនឹង សមាជិកណាតូតែមួយ នឹងត្រូវចាត់ទុកថា ជាការវាយប្រហារប្រឆាំងពួកគេទាំងអស់។
កាលពីខែមុន អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា “យើងត្រូវតែពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ន ចំពោះស្ថានភាពបច្ចុប្បន្ន” ។ លោកបានអះអាងថា សូម្បីតែមន្ត្រីអ៊ុយក្រែន ក៏ទទួលស្គាល់ថា “ការចូលរួមណាតូ គឺមិនអាចធ្វើទៅបាន” នោះដែរ ដរាបណាជម្លោះជាមួយរុស្ស៊ីកំពុងផ្ទុះឡើង ហើយប្លុកលោកខាងលិច គួរតែផ្តោតលើមធ្យោបាយផ្សេងទៀតនៃ “ការគាំទ្រ” សម្រាប់ក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា