បរទេស៖ កងទ័ពអាកាសរុស្ស៊ី កំពុងធ្វើសមយុទ្ធរួមគ្នាជាមួយសមភាគីស៊ីរី ដូច្នេះផ្នែកខ្លះ នៃដែនអាកាសរបស់ប្រទេសនេះ នៅតែគ្មានដែនកំណត់សម្រាប់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងជាថ្មី បន្ទាប់ពីមន្ទីរបញ្ចកោណបានចោទប្រកាន់រុស្ស៊ីថា បាន “រំខាន” ដល់យន្តហោះគ្មានមនុស្សបើកអាមេរិក ជាលើកទីបីហើយនៅក្នុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Oleg Gurinov អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ី សម្រាប់ស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ភាគីរុស្ស៊ីជាថ្មីម្តងទៀត បង្ហាញការព្រួយបារម្ភអំពីការរំលោភជាប្រព័ន្ធ នៃពិធីសារ នៃការប៉ះទង្គិចគ្នាដែលទាក់ទងនឹងការហោះហើរ របស់យន្តហោះគ្មានមនុស្សបើក (UAVs) នៃអ្វីដែលហៅថាសម្ព័ន្ធប្រឆាំងភេរវកម្មអន្តរជាតិ”
កាលពីថ្ងៃសុក្រ មេបញ្ជាការកងទ័ពអាកាសអាមេរិក កណ្តាល លោកឧត្តមសេនីយ៍ទោ Alex Grynkewich បានអះអាងថា “យន្តហោះគ្មានមនុស្សបើក MQ-9 ចំនួនបីគ្រឿងត្រូវបានរំខានម្តងទៀតដោយយន្តហោះចម្បាំងរុស្ស៊ី ពេលកំពុងហោះហើរលើប្រទេសស៊ីរី” សម្រាប់ថ្ងៃទីបីជាប់ៗគ្នា។
យ៉ាងណាក៏ដោយ លោក Alex Grynkewich មិនបានចែករំលែកវីដេអូ នៃការជួបប្រទះគ្នាលើកនេះទេ ប៉ុន្តែបានចោទប្រកាន់អ្នកបើកយន្តហោះរុស្ស៊ី ថា បានធ្វើ “ការឆ្លងកាត់ជិត ១៨ ដែលមិនប្រកបដោយវិជ្ជាជីវៈដែលបណ្តាលឱ្យយន្តហោះ MQ-9s មានប្រតិកម្មដើម្បីបញ្ចៀសស្ថានភាពដែលមិនមានសុវត្ថិភាព” ។
នៅពេលសួរថា តើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ពិតជាអាចហោះហើរទៅកាន់តំបន់ហាមឃាត់ឬយ៉ាងណានោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បានទទូចនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា វានឹងមិនសមហេតុផលឡើយ ដើម្បីណែនាំ និងស្តីបន្ទោសមកលើទីក្រុងវ៉ាស៊ីនតោន៕ ប្រែសម្រួលៈ ណៃ តុលា