ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការមិនធ្លាប់មាន នៅអង់គ្លេសចាប់ខ្លួនមនុស្សជិត ១០០០នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន

AFP

បរទេស៖ យោងតាមការបញ្ជាក់ ដោយអជ្ញាធរក្នុងស្រុកនិងត្រូវបាន យកមកចេញផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងថា ប៉ូលីសរបស់អង់គ្លេសបានឈានទៅដល់ ការចាប់ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ កាលពីខែមុនពាក់ព័ន្ធទៅនឹងការជួញដូរថ្នាំញៀន និងលាងលុយដែលមានតម្លៃរាប់រយលានផោន។

ប្រភពដដែលបានសរសេរថា វាគឺជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានឡើយនៅអង់គ្លេសដោយ ក្នុងនោះប៉ូលីសបានរកឃើញរុក្ខជាតិ កញ្ឆាចំនួនដល់ទៅ ១៨ម៉ឺនដើម ដែលអាចមានតម្លៃ ១៣០លានផោនឬ១៦៧ លានដុល្លារ និងកូកាអ៊ីនចំនួន២០គីឡូក្រាម ដែលមានតម្លៃរហូតដល់១ លានផោនក្នុងរយៈពេលត្រឹមតែ ក្នុងមួយខែប៉ុណ្ណោះនៃប្រតិបត្តិការ វាយឆ្មក់ដែលធ្វើឡើងនៅទូទាំងប្រទេសអង់គ្លេស និងវេល។

គួរឲ្យដឹងដែរថា ក្នុងនោះផងដែរប៉ូលីសក៏បាន ធ្វើការរឹបអូសបានអាវុធជាច្រើន ដូចជាកាំភ្លើងចំនួន២០ដើម ព្រមទាំងអាវុធផ្សេងៗទៀតចំនួន ៤០គ្រឿង និងលុយសុទ្ធប្រមាណជា៦៣៦​ ០០០ផោនផងដែរ។

រំលឹកដែរថាកាលពីឆ្នាំ២០២០ ប៉ូលីសចក្រភពអង់គ្លេស បានចាប់ខ្លួនជនសង្ស័យជាង៧០០នាក់ និងរឹបអូសជាសាច់ប្រាក់ចំនួន ៥៤លានផោន និងថ្នាំញៀនជាច្រើនតោន បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៅអឺរ៉ុបបានលួចចូលទៅក្នុង EncroChat ដែលជាទម្រង់ការជួញដូររបស់ ក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀន អាវុធ និងមនុស្ស៕

ប្រែសម្រួល៖ ស៊ុន លី

To Top