រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បកស្រាយពាក្យ របស់លោក ដែលរិះគន់រដ្ឋាភិបាល អ៊ីស្រាអែល ទៅជាវិធានការជាក់ស្តែង ដែលការពារប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសប៉ាឡេស្ទីន បានជំរុញឱ្យលោក បៃដិន “បញ្ឈប់ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល” និង “ដើម្បីបង្ខំរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យចូលរួមក្នុងផ្លូវនយោបាយ នៃការចរចា ដើម្បីដោះស្រាយជម្លោះ” ។
អង្គការនេះបានឲ្យដឹងថា “ការបន្តរបស់រដ្ឋាភិបាល អ៊ីស្រាអែល ក្នុងការតាំងទីលំនៅខុសច្បាប់របស់ខ្លួន នឹងបង្ហាញវាមិនត្រឹមតែ ចំពោះការទទួលខុសត្រូវ ស្របតាមវិធាន នៃច្បាប់អន្តរជាតិ និងដំណោះស្រាយ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ទណ្ឌកម្ម របស់អង្គការ សហប្រជាជាតិផងដែរ ។
លោក បៃដិន បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល បច្ចុប្បន្នមាន “សមាជិកខ្លាំងបំផុត” មួយចំនួនដែលលោក បានឃើញនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមគេហទំព័រព័ត៌មាន “The Times of Israel” ។
លោក បៃដិន បានបន្ថែមថា “រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលដែលគាំទ្រការតាំងទីលំនៅនៅកន្លែងណា ដែលពួកគេចង់បាននៅតំបន់វេសបែង គឺជាផ្នែកនៃបញ្ហាក្នុងជម្លោះ”។ សេចក្តីថ្លែងការណ៍បានស្វាគមន៍ ចំពោះអ្វីដែលខ្លួនបានពិពណ៌នាថាជា “ការទះកំផ្លៀងដែលមិនធ្លាប់មានពីមុនមក ដែលប្រធានាធិបតីលោក បៃដិន បានប្រព្រឹត្ត ចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ជាលើកដំបូង” ។
ប្រភពក៏បានអំពាវនាវ ឱ្យរដ្ឋបាល របស់លោក បៃដិន “បំពេញការប្តេជ្ញាចិត្ត ដែលបានប្រកាសរបស់ខ្លួន ចំពោះបុព្វហេតុប៉ាឡេស្ទីន និងគាំទ្រវិធីសាស្រ្ត ផ្លូវច្បាប់ របស់ប៉ាឡេស្ទីន នៅក្នុងវេទិកាអន្តរជាតិ” ។ ក្នុងឆ្នាំ២០១៣ សហរដ្ឋអាមេរិក បានឧបត្ថម្ភកិច្ចចរចាសន្តិភាព ដោយផ្ទាល់រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន រយៈពេល ៩ខែ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាបានបញ្ឈប់នៅចុងខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីមានជម្លោះយ៉ាងជ្រៅលើការតាំង ទីលំនៅ និងព្រំដែននៃរដ្ឋប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា